|

ឯកឧត្តមបណ្ឌិត សោម រតនា៖ សម័យនេះ គ្រឹះស្ថានសិក្សា ឬសហគ្រាស មិនអាចធ្វើការតែឯកឯងបានឡើយ ប៉ុន្តែត្រូវធ្វើការបំពេញគ្នាទៅវិញទៅមក


ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងក្នុងវេទិកាអន្តរជាតិស្តីពី “ក្របខណ្ឌកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាស៊ាន-ចិន៖ ការទាញយកបញ្ញាសិប្បនិម្មិតដើម្បីជំរុញការអប់រំ និងផលិតភាព” នៅទីក្រុងណាននីង ប្រទេសចិន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់បទអន្តរាគមស្តីពីកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ដែលក្នុងនោះឯកឧត្តម បានធ្វើការសង្កត់ធ្ងន់ពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្ថិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលយុទ្ធសាស្រ្តនេះផ្តោតសំខាន់លើការវិនិយោគលើមូលធនមនុស្ស និងបច្ចេកវិទ្យាក្នុងការលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឆ្ពោះទៅសម្រេចបាននូវគោដៅនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការផ្តោតការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស គ្រឹះស្ថានឧត្តមសិក្សា ក្នុងការផ្សាភ្ជាប់ការអប់រំក្នុងថ្នាក់រៀន ជាមួយនឹងការអនុវត្តជាក់ស្តែងក្នុងសហគ្រាសផលិតកម្ម ដែលអនុញ្ញាតឲ្យសិស្ស-និស្សិត មានលទ្ធភាពក្នុងការផ្សាភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការអប់រំនៅកម្រិតឧត្តមសិក្សាកម្ពុជា បាន និងកំពុងបាញ់ឆ្ពោះលើការចាប់ដៃគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានអប់រំ និងសហគ្រាស ដោយមិនត្រឹមតែដើម្បីបង្កើនគុណភាពអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីដឹងពីតម្រូវការជាក់ស្តែងរបស់សហគ្រាសផលិតកម្ម ជាពិសេសក្នុងសម័យកាលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ សម័យនេះ គ្រឹះស្ថានសិក្សា ឬសហគ្រាស មិនអាចធ្វើការតែឯកឯងបានឡើយ ប៉ុន្តែត្រូវធ្វើការបំពេញគ្នាទៅវិញទៅមក។

ឯកឧត្តមបណ្ឌិត សោម រតនា ក៏បានយកឱកាសនោះ បង្ហាញការគាំទ្រនូវយន្តការសហការ និងភាពជាដៃគូ ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ជាពិសេសជាមួយនឹងប្រទេសចិន ជាមិត្ត ដោយថា កិច្ចសហការលើវិស័យសិក្សា និងបច្ចេកវិទ្យានេះ នឹងអាចជួយបង្កើននូវផលិតភាព សហគ្រាស គុណភាពក្នុងវិស័យសិក្សាធិការ និងក៏ជាការធានានូវចីរភាពនៃការអភិវឌ្ឍលើវិស័យនេះ។