ហេតុអ្វីកាលៈទេសៈនេះយើងត្រូវការអ្នកចូលរួម?
អត្ថបទដោយ៖ ចាក ចន្ទី
ផ្អែកលើតថភាពជាក់ស្តែង មិនថាកម្ពុជា ឬប្រទេសនានាទូទាំងសកលលោកនេះទេ គឺតែងតែជួបប្រទះនូវបញ្ហាផ្សេងៗគ្នា។ បញ្ហាទាំងនេះអាចថាជាគ្រោះផ្សេងៗជាច្រើនរួមមាន៖ គ្រោះធម្មជាតិ ចាស់ជរា ជនពិការ សាលារៀនដែលខ្វះខាតសម្ភារៈសិក្សាជាដើម។ និយាយដោយឡែកក្នុងបរិបទកម្ពុជាយើងតែងតែឃើញមានវប្បធម៌ចែករំលែក ជួយយកអាសាគ្នាទៅវិញទៅមក ហើយដែលវប្បធម៌ចែករំលែកបែបនេះ បានដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប រហូតមកទល់ពេលបច្ចុប្បន្ន។
មិនថាក្នុងកាលៈទេសៈដ៏លំបាកណាមួយក៏ដោយ ពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ យើងសង្កេតឃើញមានក្រុមការងារសប្បុរសជន និងបុគ្គលសប្បុរសជាតិ និងអន្តរជាតិជាច្រើន បានស្វះស្វែងរួមដៃគ្នាជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង តាមរយៈសកម្មភាពនានាជាច្រើនដូចជា៖ ការស្ម័គ្រចិត្តពីក្រុមយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងយុទ្ធនាការចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ការចែកអំណោយរបស់បុគ្គលដែលជាសប្បុរសជនជាច្រើនរូបជូនទៅដល់ក្រុមគ្រួសារជួបទុក្ខលំបាក ដែលនេះសរបញ្ជាក់យ៉ាងច្បាស់អំពីទឹកចិត្តនៃការចូលរួមជួយរំលែកទុក្ខមួយផ្នែកធំជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែង និស្សិតឆ្នាំទី៣ ចំនួន៥នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលជាសមាជិកកាកបាទក្រហមកម្ពុជានិងសហភាពសហព័ន្ធយុវជនកម្ពុជា ធ្លាប់បានចូលរួមចែកអំណោយជូនបងប្អូនជួបទុក្ខលំបាកក្នុងកាលៈទេសៈនេះបានជម្រាបពីបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនជូនក្រុមសារព័ត៌មាន BRANDMEDIA យ៉ាងដូចច្នេះថា៖
កញ្ញា សន ស្រីពេជ្រ បានរៀបរាប់ថាយ៉ាងដូច្នេះថា៖ “មូលហេតុដែលខ្ញុំចង់ចូលរួមចែកអំណោយនៅក្នុងសង្គម ពិសេសក្នុងបរិបទនេះ ព្រោះវាជាការចាំបាច់មែនទែនក្នុងការចែករំលែកនូវអ្វីដែលពួកគាត់កំពុងខ្វះខាត និងត្រូវការ ជាក់ស្តែងដូចជាក្មេងកំព្រា ចាស់ជរា និងកុមារដែលខ្វះខាតសម្ភារៈសិក្សាជាដើម។ កញ្ញាបានបន្តទៀតថា៖ អ្នកដែលមានបំណងចង់ចូលរួមក្នុងកិច្ចការសង្គម គឺមិនកំណត់អាយុ មិនប្រកាន់និន្នាការនយោបាយអ្វីទេ សំខាន់ឱ្យតែគាត់មានឆន្ទៈខ្ពស់ និងទឹកចិត្តក្នុងការចូលរួម។ និយាយទៅ យើងម្នាក់ៗគួរតែចូលរួម ជាពិសេសយុវជន ព្រោះយុវជនជាធនធាន និងជាសសរទ្រូងដ៏សំខាន់សម្រាប់ជាតិ។ សង្គមមួយរីកចម្រើនទៅបាន ក៏ដោយសារតែយុវជនខ្នះខ្នែងចូលរួមយ៉ាងសកម្ម បើទោះបីជាការចែករំលែកនោះទៅជាក្រុម ឬដោយផ្ទាល់ ជាសម្ភារៈខ្លះ ឬថវិកាតិចតួចក៏ដោយ។
![](https://media.brandbodia.com/wp-content/uploads/2021/06/IMG_6700-1-1024x682.jpg)
ស្រដៀងគ្នានេះដែរ កញ្ញា ចាន់ លី បានលើកឡើងថា៖ “ការងារសង្គម កើតចេញពីការស្ម័គ្រចិត្ត និងមានឆន្ទៈចង់ជួយពិតប្រាកដ។ ក្នុងនាមយើងសិស្ស និស្សិត និងយុវជនគួរតែចូលរួម ដើម្បីជួយសម្រួលដល់អ្នកដែលកំពុងជួបការលំបាកខ្វះខាតពិតប្រាកដ”។ កញ្ញាបានបន្តទៀតថា៖ “ការចែកអំណោយជូនដល់ជនរងគ្រោះជាការរួមចំណែកមួយក្នុងសង្គម”។
![](https://media.brandbodia.com/wp-content/uploads/2021/06/photo_2021-06-17_10-11-14-1-768x1024.jpg)
មិនខុសពីកញ្ញាៗទាំងពីររូបខាងលើ កញ្ញា ហ៊ួរ ចិន្តា បានរៀបរាប់ថា៖ “ខ្ញុំចូលរួមក្នុងការងារសង្គម ព្រោះដើម្បីសង្គមទាំងមូល ហើយក៏ជាកាតព្វកិច្ចមួយដែលយើងអាចធ្វើបានដែរ ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់អ្នកខ្វះខាតពិតប្រាកដ ជាពិសេសក្នុងគ្រាមានអាសន្នដូចជាកំឡុងពេលកូវីដ១៩ជាដើម។ កញ្ញាបានរៀបរាប់បន្តទៀតថា៖ “តួយ៉ាង ខ្ញុំបានចុះទៅជួយចែកអំណោយដល់ជនរងគ្រោះ ដោយសារគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយនឹងក្រុមយុវជនកាកបាទក្រហមកម្ពុជាផ្សេងទៀត។ យើងសង្កេតឃើញមានការស្វះស្វែងពីសំណាក់កាកបាទក្រហមកម្ពុជា ប្រកាសផ្សព្វផ្សាយស្វែងរកអំណោយ ហើយទទួលបានថវិកាជាច្រើនពីសប្បុរសជន ដើម្បីចែកជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកគ្រប់ស្ថានភាព” ។
![](https://media.brandbodia.com/wp-content/uploads/2021/06/photo_2021-06-17_10-11-55.jpg)
លោក ចាន់ ឡូយ បានមានប្រសាសន៍ស្រដៀងគ្នាយ៉ាងដូច្នេះថា៖ “ខ្ញុំរីករាយដែលបានក្លាយជាចំណែកមួយក្នុងសកម្មភាពសង្គម ពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ តាមរយៈការចុះចែកជូនជាអំណោយជាមួយនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជនស្ម័គ្រចិត្តជាច្រើនរូបទៀត រួមដំណើរជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងតែមួយ នោះគឺការជួយសម្រួលដល់អ្នកខ្វះខាត”។
![](https://media.brandbodia.com/wp-content/uploads/2021/06/photo_2021-06-17_10-11-42-1-768x1024.jpg)
រីឯកញ្ញា អ៊ុក សៀហួរវិញ ក៏មានមតិយោបល់ប្រហាក់ប្រហែលនឹងយុវជនខាងលើដែរ៖ “ការងារសង្គម គឺនរណាក៏អាចចូលរួមបាន ព្រមទាំងមានវិធីក្នុងការចូលរួមច្រើនយ៉ាង។ ជាក់ស្តែងខ្ញុំបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក្នុងបរិបទកូវីដ១៩នេះ ដើម្បីជួយផ្សព្វផ្សាយរកជំនួយបន្ថែមពីសប្បុរសជននានា។ យើងម្នាក់ៗ ជាពិសេសយុវជនគួរតែចូលរួម ដើម្បីបានជាបទសោធន៍ផង និងយល់កាន់តែច្បាស់អំពីបញ្ហារបស់ប្រជាជន និងសង្គម”។
![](https://media.brandbodia.com/wp-content/uploads/2021/06/photo_2021-06-17_10-11-31-1-1024x691.jpg)
ក្រៅពីប្អូនៗដែលជាយុវជនស្ម័គ្រចិត្តខាងលើ យើងមិនភ្លេចទេនូវតម្លៃស្នូលរបស់ក្រុមការងារ ស.ស.យ.ក. ដែលពួកគាត់តែងតែយកចិត្តទុកដាក់ យល់ពីតម្រូវការ ទុក្ខលំបាករបស់បងប្អូនប្រជាជនខ្មែរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពួកគាត់សកម្មនឹងការជួយផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺកូវីដ ព្រមទាំងយកអំណោយពីសប្បុរសជននានាទៅចែកជូនដោយផ្ទាល់ដល់ដៃរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
មិនថាក្នុងបរិបទណានោះទេ សុខទុក្ខរបស់បងប្អូនជនរួមជាតិទាំងអស់ក៏ជាក្តីសុខរបស់យើងដូចគ្នា។ ខ្មែរតែងតែមានផ្នត់គំនិតថា “ខ្មែរជួយខ្មែរ” និង “វប្បធម៌នៃការចែករំលែក” ដែលគំនិតនេះបានបំផុស និងជំរុញយើងទាំងអស់គ្នាឱ្យមានស្មារតីសហការ និងពួតដៃគ្នាចូលរួមដោះស្រាយ៕
កែសម្រួលដោយ៖ BRANDMEDIA