| |

លោក Donald Trump គ្រោងដកចំនួនកងទ័ពនៅប្រទេសអាល្លឺម៉ង់ ក្រោយអាល្លឺម៉ង់ មើលស្រាលការ “ចរចា”របស់អាមេរិកក្នុងសង្រ្គាមអ៊ីរ៉ង់!


ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈការបង្ហោះលើវេទិកា Truth Social ដោយលោក Donald Trump បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុង “សិក្សា និងពិនិត្យឡើងវិញ” អំពីលទ្ធភាពនៃការកាត់បន្ថយកងទ័ពនៅអាល្លឺម៉ង់ ហើយអាចមានសេចក្តីសម្រេចក្នុងរយៈពេលខ្លីខាងមុខ។

ការគំរាមកំហែងនេះ កើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ Friedrich Merz បានរិះគន់ការចរចារបស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ីរ៉ង់ ដោយនិយាយថាភាគីអាមេរិកពេលនេះ កំពុងទទួលបានការ “មើលស្រាល” ក្នុងដំណើរការចរចា ពាក់ព័ន្ធនឹងវិបត្តិនៅតំបន់មជ្ឈឹមបូព៌ា និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ដោយឡែក លោក Trump បានឆ្លើយតបវិញដោយនិយាយថា លោក Merz មានទស្សនៈ”មិនសមទាល់តែសោះ” ហើយបានអះអាងថាអធិការបតីអាល្លឺម៉ង់ “មិនដឹងកំពុងនិយាយពីអ្វីឲ្យប្រាកដទេ”។

ដោយឡែក តាមទិន្នន័យផ្លូវការ សហរដ្ឋអាមេរិកមានកងកម្លាំងយោធាច្រើនជាង ៦៨,០០០ នាក់នៅអឺរ៉ុប ខណៈអាល្លឺម៉ង់ជាប្រទេសដែលមានកងទ័ពអាមេរិកច្រើនជាងគេ ប្រហែល ៣៥,០០០ នាក់ (ឬអាចខ្ពស់ជាងនេះតាមប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋាន)។

ក្នុងពេលកន្លងមក លោក Trump បានរិះគន់អង្គការ NATO ជាបន្តបន្ទាប់ ដោយចោទប្រកាន់សមាជិកអឺរ៉ុបថាមិនបានជួយគ្រប់គ្រាន់លើវិស័យការពារជាតិ ហើយថាបាន “ទាញអត្ថប្រយោជន៍” ពីសហរដ្ឋអាមេរិកច្រើនជាងជំនួយ។

លើសពីនេះ លោកក៏បានបញ្ជាក់ថា លោកនឹងពិចារណាលទ្ធភាពនៃការដកសហរដ្ឋអាមេរិកចេញពី NATO ទាំងស្រុង ទោះបីជាច្បាប់សហរដ្ឋអាមេរិកថ្មីមួយតម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភាក្នុងការធ្វើសេចក្តីសម្រេចបែបនេះក៏ដោយ។

ជាមួយគ្នានេះ អ្នកជំនាញបានព្រមានថា ការកាត់បន្ថយកងទ័ពអាមេរិកនៅអឺរ៉ុប អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខតំបន់ និងភាពជឿជាក់របស់សម្ព័ន្ធមិត្ត។

ប្រភព៖ BBC