មេដឹកនាំណាតូ លើកសរសើរលោក Trump ជុំវិញរឿងវាយប្រហារនុយក្លេអ៊ែរទៅលើអ៊ីរ៉ង់
កិច្ចប្រជុំ NATO កំពុងរង់ចាំការមកដល់របស់លោក Donald Trump ហើយអ្នកដែលរង់ចាំគាត់ជាងគេគឺអគ្គលេខាធិការ NATO លោក Mark Rutte។ លោក Rutte បានផ្ញើសារសរសើរ Trump ព្រោះតែសកម្មភាពវាយប្រហារនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ហើយបានលើកសរសើរថា «គ្មាននរណាម្នាក់ហ៊ានធ្វើរឿងនេះទេ»។
សម្លេងសរសើរនេះបង្ហាញថា Rutte និងសម្ព័ន្ធមិត្ត NATO ព្យាយាមធានាឱ្យ Trump មានអារម្មណ៍ល្អ ព្រោះគេដឹងថាគាត់អាចផ្លាស់ប្តូរជំហរបានគ្រប់ពេល។ ពេលសួរថាតើសហរដ្ឋអាមេរិកនៅតែគាំទ្រមាត្រា ៥ (ការជួយសមាជិក NATO ដែលត្រូវវាយប្រហារ) ទេ Trump ឆ្លើយថា «អាស្រ័យលើការបកស្រាយ»។

ឆ្នាំ២០១៨ Trump ធ្លាប់លើកឡើងអំពីការដកសហរដ្ឋអាមេរិកចេញពី NATO ប៉ុន្តែនៅឆ្នាំនេះ គេធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាបរិយាកាសល្អសម្រាប់កិច្ចប្រជុំ។ ជំនួបលើកនេះ Rutte បានសម្រេចចិត្តជាមួយ Trump និងមេដឹកនាំដទៃទៀត ឱ្យប្រទេសសមាជិក NATO ទាំង ៣២ បង្កើនថវិកាការពារជាតិដល់ ៣.៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣៥ ហើយដល់ ៥% បើរាប់ថវិកាបន្ថែមសម្រាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ព័ត៌មានសម្ងាត់ និងហេដ្ឋារចនាសម្ព័ន្ធ។

មេដឹកនាំយោធា NATO ម្នាក់បានសរសើរ Rutte ថាមានជំនាញដ៏ល្អ ក្នុងការចរចាជាមួយ Trump ចាប់តាំងពីទស្សនកិច្ចនៅ Mar-a-Lago ពេល Trump ជាប្រធានាធិបតីជាប់ឆ្នោត ហើយអាចធ្វើឱ្យប្រទេសសមាជិក NATO ភាគច្រើនយល់ព្រមផែនការបង្កើនថវិកានេះបាន។
ប្រភព៖ The Guardian