អង់គ្លេស នឹងផ្តល់មីស៊ីលដល់អ៊ុយក្រែន ក្នុងទឹកប្រាក់ ៧០លានផោន ដែលបានមកពីការបង្កកទ្រព្យសម្បត្តិរុស្ស៊ី
លោក Keir Starmer ដែលជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានប្រកាសផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដោយប្រើប្រាក់ដែលចក្រភពអង់គ្លេសទទួលបានពីការបង្កកទ្រព្យសម្បត្តិរុស្ស៊ី (ប្រហែល ៧០លានផោន) ដើម្បីផ្គត់ផ្គង់មីស៊ីលការពារអាកាស ASRAAM ចំនួន ៣៥០គ្រាប់ ដែលត្រូវបានកែប្រែពីមីស៊ីលអាកាស-អាកាសឱ្យអាចបាញ់ចេញពីរថយន្តយោធា។ នេះជាលើកដំបូងដែលអង់គ្លេសប្រើទ្រព្យសម្បត្តិរុស្ស៊ីមកគាំទ្រផ្នែកសព្វាវុធសម្រាប់អ៊ុយក្រែន។
Starmer បញ្ជាក់ថា «រុស្ស៊ីគួរជាអ្នកបង់ថ្លៃសង្គ្រាមខុសច្បាប់នេះ» ហើយអង់គ្លេសគាំទ្រការការពារអ៊ុយក្រែនដើម្បីសន្តិសុខខ្លួនឯងផងដែរ។ រដ្ឋមន្ត្រីការពារជាតិ John Healey លើកឡើងថា មីស៊ីលថ្មីទាំងនេះនឹងសង្គ្រោះជីវិតប្រជាជនអ៊ុយក្រែន និងបង្ហាញសមត្ថភាពផលិតសព្វាវុធរបស់អង់គ្លេស ដែលអាចសម្របតាមតម្រូវការនៃសង្គ្រាមសម័យថ្មី។

គម្រោងនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយសព្វាវុធធំជាងគេប្រចាំឆ្នាំរបស់អង់គ្លេសសម្រាប់អ៊ុយក្រែន ដែលមានតម្លៃសរុប ៤.៥ ពាន់លានផោន រួមមានកិច្ចសន្យាមីស៊ីលការពារអាកាស ១.៦ ពាន់លានផោន និងការបន្ថែមមូលនិធិ ៣៥០ លានផោនសម្រាប់ពង្រីកការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក។
មុនកិច្ចប្រជុំ NATO Starmer និងប្រធានាធិបតី Zelenskyy បានសម្រេចចិត្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធលើការផលិតសព្វាវុធ រវាងអង់គ្លេស និងអ៊ុយក្រែន។ Zelenskyy ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែនឹងមិនចូលរួមផ្នែកសំខាន់ដែលផ្តោតលើថវិកាការពារជាតិឡើយ។
ប្រភព៖ The Guardian
