ស.ស.យ.ក. កោះប្រជុំគណៈកម្មាធិការកណ្ដាល ចំពេលកម្ពុជា-ថៃ មានភាពតានតឹងជុំវិញបញ្ហាព្រំដែន
នាព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។
ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

នាឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ជាមួយនឹងការចូលរួមគាំទ្រ ពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក. បាន និងកំពុងពង្រឹងនូវតួនាទី និងការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀតក្នុងការចូលរួមអភិវឌ្ឍសង្គម។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើន ក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានបន្ថែមថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវ គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹង ស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមានចំនួនរួមមានពិធីបើក ដោយផ្តោតលើរបាយការណ៍ កិច្ចពិភាក្សា និងបទអន្តរាគមន៍ កម្មពិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុសធម៌ និងពិធីបិទ។