| |

រដ្ឋមន្ត្រីការបរទេសថៃ អះអាងថា កម្ពុជាមានសិទ្ធិប្ដឹងទៅ ICJ បើយល់ថាចាំបាច់ ប៉ុន្តែថៃក៏មានសិទ្ធិទាមទារឱ្យមានកិច្ចប្រជុំ JBC ដោយថៃមានឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ប្រសិនបើកម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់!


រដ្ឋមន្ត្រីក្រសួងការបរទេស Maris Sangiampongsa បានបញ្ជាក់ថា ខណៈពេលដែលខ្លួនកំពុងនៅក្នុងប្រទេសបារាំងដើម្បីចូលរួមប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) លោកបានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតភ្លាមៗជាមួយរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ ដោយអាទិភាពគឺត្រូវប្រើប្រាស់យន្តការការទូត ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា ឬជម្លោះបន្តទៀត។

លោក Maris អះអាង​ថា​៖ «​ប្រទេស​ថៃ និង​កម្ពុជា​ជា​ប្រទេស​ជិត​ខាង​ដ៏​យូរ​អង្វែង ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ការ​ស្វែង​រក​ដំណោះស្រាយ​នោះគឺដោយ​សន្តិវិធី មិន​មែន​ដោយ​បង្ខំ​ទេនោះទេ។»

រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវប្រមូលទិន្នន័យចាំបាច់ទាំងអស់ រួមទាំងឯកសារច្បាប់ និងរូបថត ដើម្បីរៀបចំសម្រាប់ការចរចាក្រោមក្របខណ្ឌនៃគណៈកម្មាធិការព្រំដែនរួម (JBC) ដែលជាយន្តការផ្លូវការសម្រាប់ដោះស្រាយបញ្ហាព្រំដែន។

ទាក់ទងនឹងការជំរុញឱ្យមានកិច្ចប្រជុំ JBC លោក Maris បានបញ្ជាក់ជាថ្មីថា ប្រទេសថៃមានឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ប្រសិនបើកម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់ ដោយចាត់ទុក JBC ជាវេទិកាដ៏សំខាន់សម្រាប់កាត់បន្ថយភាពតានតឹង និងពិភាក្សាអំពីកិច្ចព្រមព្រៀងជាក់ស្តែងស្តីពីការបោះបង្គោលព្រំដែន។

លោក Maris ក៏បានបង្ហាញបន្ថែមទៀតថា ប្រទេសថៃបានធ្វើការតវ៉ាជាផ្លូវការជាមួយកម្ពុជារួចហើយ ហើយសកម្មភាពរបស់ប្រទេសថៃគឺផ្អែកលើច្បាប់អន្តរជាតិ ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមស្តង់ដារពិភពលោក។ លោក Maris ក៏គ្រោងនឹងកោះប្រជុំភ្លាមៗជាមួយមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសដើម្បីបង្កើតជំហរច្បាស់លាស់និងឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងវិវត្ត។ លោក​បាន​បញ្ជាក់​ថា លោក​បាន​និង​កំពុង​វាយ​តម្លៃ​ស្ថានភាព​ជា​បន្តបន្ទាប់ និង​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​មន្ត្រី សូម្បី​តែ​ពេល​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេសក៏ដោយ។

Maris លើកឡើងថា ទាក់ទង់នឹងសំណើរបស់កម្ពុជាដែលស្នើឱ្យថៃពិចារណាបញ្ជូនរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺកម្ពុជាមានសិទ្ធិយករឿងនេះទៅតុលាការ ICJ ប្រសិនបើយល់ថាចាំបាច់។ ទន្ទឹមនឹងនេះ ថៃក៏មានសិទ្ធិសម្រេចចិត្តលើដំណើរសកម្មភាពរបស់ខ្លួន មិនថាក្នុងកម្រិតទ្វេភាគី ឬតាមរយៈយន្តការអន្តរជាតិ ដោយសង្កត់ធ្ងន់ថា នេះជាបញ្ហាដាច់ដោយឡែកពីដំណើរការ JBC ដែលផ្តោតលើការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ។

ប្រភព៖ The Nation