| |

ឯកឧត្តម ហ៊ុន ម៉ានី៖ «ការចូលរួមសកម្មភាពជាមួយស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ ក្នុងន័យនេះការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារវិញនៅតំណែង ឬក៏តួនាទីណាមួយនោះទេ »


នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានីថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះឯកឧត្តមបានបន្តថា តាមរយៈវេទិកាស.ស.យ.ក. សមាជិក សមាជិកា ម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សារភ្ជាប់ជាមួយនឹងមនសិការ ឆន្ទះពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។ ឯកឧត្តមសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្ខានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិដើម្បីផ្តល់ឱកាសឱ្យបំពេញកិច្ចការងារធំណាមួយ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការស.ស.យ.ក. ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលជាទីគាប់ប្រសើរ។ ឯកឧត្តមបានបន្តថា មិនមែនសម្រាប់តែខេត្តកំពង់ស្ពឺប៉ុណ្ណឹងទេ ដែលស.ស.យ.ក. ដើរតួជាដៃគូមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ក្នុងនោះគឺនៅទូទាំងប្រទេសតែម្តង ដែលរចនាសម្ព័ន្ធគណៈកម្មាធិការស.ស.យ.ក. រាជធានី ខេត្តទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នាឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសនោះគឺស្របតាមក្រមខណ្ឌទិសដៅនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនិមួយៗដែលស.ស.យ.ក. រៀបចំគឺបង្កប់ន័យនៃការបំផុសចលនា និងការដាក់ទិសដៅ គោលដៅរួមសម្រាប់កម្ពុជា។ ឯកឧត្តមបានបន្តថា កម្មវិធីស.ស.យ.ក. មួយចំនួនមានលក្ខណៈផ្សាភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា ក្នុងនោះរួមមានកម្មវិធីបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ ដែលមានគោលបំណងចង់ឱ្យយុវជន យុវនារី កម្ពុជាមានក្តីសង្ឃឹម ហើយបង្កើតនូវភាពជឿជាក់លើសង្គមជាតិកម្ពុជា។ ជាមួយគ្នានោះ តាមរយៈយុទ្ធនាការពលរដ្ឋល្អ សកម្មភាពសមាជិក ស.ស.យ.ក. ចូលរួមសង្កេតការណ៍បោះឆ្នោត ក្នុងនាមជាអង្គការសមាគម ក៏បានឆ្លុះបញ្ចាំងភាពជាសាក្សីនៃការប្រព្រឹត្តទៅរបស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាផងដែរ។

សូមជម្រាបជូនថា ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តកំពង់ស្ពឺ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្រៃ្តយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និង សមាជិក សមាជិកា សរុបប្រមាណជាង៤៣០ រូប។