ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៩ រយៈពេល ៤ថ្ងៃ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ


(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងគ្រោងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៩ (The 19th Cambodia Trade Expo – CTExpo) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា។

ពិព័រណ៍នេះមានគោលបំណងលើកកម្ពស់តួនាទីវិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ។ សម្រាប់ឆ្នាំ២០២៦ ពិព័រណ៍គ្រោងរៀបចំស្តង់តាំងបង្ហាញជាង៣០០ស្តង់ ដោយមានការដាក់តាំងផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិសម្រាប់ការនាំចេញ ព្រមទាំងទំនិញនាំចេញ-នាំចូល និងសេវាកម្មដែលមានគុណភាពពីក្រុមហ៊ុនក្នុងស្រុក និងបរទេស។ ក្រៅពីនេះ ក៏មានបញ្ជរសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ដែលផ្តល់ព័ត៌មាន និងសេវាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចផងដែរ។

ព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីអមជាច្រើន រួមមាន វេទិកាធុរកិច្ច ការចែករំលែកចំណេះដឹង និងបទពិសោធន៍ធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការកសាងសមត្ថភាពធុរជនក្នុងវិស័យពាណិជ្ជកម្មឌីជីថល ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍ ការសម្តែងសិល្បៈ និងការប្រគំតន្ត្រី។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជនដែលមានចំណាប់អារម្មណ៍ ចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្ម ដោយអាចបំពេញបែបបទស្នើសុំតាមរយៈ QR Code ដែលក្រសួងបានផ្តល់ជូន។ ពិព័រណ៍នេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ជួបជុំធុរជន បង្កើតឱកាសសហការ និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម