ក្នុងរយៈពេល ២០ខែ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៥០៨៦រោងចក្រ ខណៈដែលប្រាក់ឈ្នួលសរុបរបស់កម្មករប្រចាំឆ្នាំមានជិត៦ពាន់លានដុល្លារ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ប្រាក់ឈ្នួលនៅកម្ពុជាមានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤០ ៣០០ ដល់៤៥ ៣៨៦សហគ្រាសនៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។
នេះគឺជាការគូសបញ្ជាក់ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ “ក្នុងរយៈពេល ២០ខែ ចំនួនរោងចក្រ សហគ្រាស បានកើនពីចំនួន ៤០ ៣០០ ដល់ ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើនពីប្រមាណ ១,៦៥លាននាក់ ដល់ ប្រមាណ ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតមធ្យមសរុប ប្រចាំឆ្នាំ ប្រមាណ ៥,៩ ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស សរុបចំនួន ១៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ប៊ីលានដុល្លារអាម៉េរិក”។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួមសរុបប្រមាណ៣,២ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៧៥១នាក់៕
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបភាព៖ CNC