| |

អ៊ីរ៉ង់គ្រោងបើក “ច្រកសមុទ្រ Hormuz” ឡើងវិញ ក្នុងរយៈពេល ៣០ថ្ងៃ ក្រោយកិច្ចព្រមព្រៀងជាមួយអាមេរិក


សារព័ត៌មាន Nikkei របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់ប្រភពការទូតមជ្ឈិមបូព៌ាមួយថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីផែនការមួយ ដែលអាចនាំឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ ប្រហែល ៣០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នា។

តាមប្រភពដដែល អ៊ីរ៉ង់នឹងចាប់ផ្តើមសម្អាតមីនសមុទ្រ និងគ្រាប់ផ្ទុះផ្សេងៗ នៅក្នុងច្រកសមុទ្រដ៏សំខាន់នេះ ក្នុងអំឡុងពេល ៣០ថ្ងៃបន្ទាប់ពីមានកិច្ចព្រមព្រៀង ដើម្បីធានាថា នាវាពាណិជ្ជកម្មពីគ្រប់ប្រទេសអាចធ្វើនាវាចរណ៍បានដោយសុវត្ថិភាព និងសេរីភាព។ របាយការណ៍ក៏បានបញ្ជាក់ថា អ៊ីរ៉ង់ក៏នឹងបញ្ឈប់ការប្រមូលថ្លៃឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។

ការពិភាក្សានេះ កំពុងធ្វើឡើងក្នុងបរិបទនៃបទឈប់បាញ់ ដែលបានចាប់ផ្តើមតាំងពីដើមខែមេសា ហើយត្រូវបានគេរំពឹងថា នឹងបន្តបន្ថែមរយៈពេល ៦០ថ្ងៃទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ បន្តចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាសន្តិសុខក្នុងតំបន់។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ត្រូវបានចាត់ទុកថា ជាច្រកដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយមានប្រេង និងឧស្ម័នធម្មជាតិជាច្រើនឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ការបិទ ឬការរំខានដល់ការធ្វើនាវាចរណ៍នៅទីនោះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីផ្សារថាមពលសកល និងសេដ្ឋកិច្ចអន្តរជាតិ។

ទោះជាយ៉ាងណា មន្ត្រីអ៊ីរ៉ង់មួយចំនួននៅតែបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយមិនទាន់សម្រេចជាផ្លូវការនៅឡើយ ហើយនៅមានចំណុចខ្វែងគំនិតជាច្រើនរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។

ប្រភព៖ Reuters