រលកកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅសិង្ហបុរី ដោយតួលេខឆ្លងប្រចាំសប្ដាហ៍កើនឡើងដល់ជាង ១ ម៉ឺននាក់!
ក្រសួងសុខាភិបាលក្នុងប្រទេសសិង្ហបុរីបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការឆ្លង COVID-19 ដោយករណីប្រចាំសប្តាហ៍បានកើនឡើងពី ៧,៧០០ ដល់ ១៤,២០០ នៅដើមខែឧសភា ឆ្នាំ២០២៥។ ការណ៍នេះ វានជំរុញឱ្យមានការឃ្លាំមើលកាន់តែខ្លាំងឡើង និងការរំលឹកពីសុខភាពសាធារណៈ ទោះបីជាអត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ICU នៅតែមានស្ថេរភាព ដែលជាសញ្ញាបង្ហាញថាសមត្ថភាពថែទាំសុខភាពដែលមានស្រាប់មិនស្ថិតក្រោមកម្រិតធ្ងន់ធ្ងរក៏ដោយ។

យោងតាមនាយកសេវាវេជ្ជសាស្រ្ត រហូតមកដល់ពេលនេះ មិនមានភ័ស្តុតាងណាមួយដែលថារលកថ្មីៗត្រូវបានជំរុញដោយវីរុសប្រភេទថ្មី ឬអាចឈានទៅដល់ការធ្ងន់ធ្ងរជាងនេះទេ។ ដោយឡែក សម្រាប់ករណីឆ្លងបច្ចុប្បន្ននេះ គឺនៅតែបង្កឡើងដោយក្រុមរងនៃ Omicron ដូចជា JN.1 ជាដើម។
ជាការឆ្លើយតប ការវ៉ាក់សាំង និងការព្យាបាលដែលមានស្រាប់គឺជាវិធីសាស្ត្រការពារបហរកបដោយប្រសិទ្ធភាព ខណៈដែលក្រុមមនុស្សចាស់ និងក្រុមដែលមានហានិភ័យក្នុងការឆ្លងខ្ពស់ត្រូវបានណែនាំឱ្យបន្តការចាក់ថ្នាំបង្ការ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងបានណែនាំឱ្យមានការប្រុងប្រយ័ត្នក្នុងសហគមន៍ តាមរយៈការប្រើប្រាស់របាំងមុខនៅកន្លែងដែលមានមនុស្សច្រើន និងធ្វើតេស្ដដោយខ្លួនឯងសម្រាប់បុគ្គលដែលមានរោគសញ្ញា។
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលបានបញ្ជាក់ថា ការផ្គត់ផ្គង់ថ្នាំប្រឆាំងមេរោគគឺគ្រប់គ្រាន់ និងនៅតែអាចប្រើប្រាស់បានសម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់ ខណៈសាលារៀន និងកន្លែងធ្វើការមិនត្រូវបានគេរំពឹងថានឹងតម្រូវឱ្យត្រឡប់ទៅអនុវត្តតាមវិធានការចាំបាច់នោះទេ លុះត្រាតែមានករណីធ្ងន់ធ្ងរ ឬភាពតានតឹងធ្ងន់ធ្ងរលើសេវាវេជ្ជសាស្ត្រ។
ទោះជាយ៉ាងនេះក្ដី ក្រុមការងារពហុក្រសួង នៅបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ នាពេលបច្ចុប្បន្ននេះ។