|

ឯកឧត្តម ហ៊ុន ម៉ានី៖ “ការបន្តដាក់ឱ្យដំណើរការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ បានបង្កើតជាស្នូរជួងបំផុសស្មារតី ឱ្យមានការរួបរួមសហការកាន់តែសកម្ម ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ”


ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្ត និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ បានបង្កើតជាស្នូរជួងបំផុសស្មារតីដល់អ្នកគ្រប់គ្រង និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអង្គភាពផ្ដល់សេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ឱ្យរួបរួមសហការ និងចូលរួមកាន់តែសកម្ម និងមានទឹកចិត្តកាន់តែមោះមុតថែមទៀតក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជននៅមូលដ្ឋានរបស់ខ្លួន។”

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា “ចលនានេះបាននិងកំពុងជំរុញការចូលរួមកាន់តែសកម្ម និងជិតស្និទ្ធថែមទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធានាការអភិវឌ្ឍសាលារៀន និងមន្ទីរពេទ្យក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល។” ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរក្នុងខ្លឹមសារថា ពិតណាស់ចលនាប្រកួតប្រជែងតែងមានអ្នកឈ្នះ និងចាញ់។ តែមូលដ្ឋាន និងគោលបំណង រួមទាំងលទ្ធផលដែលលេចចេញពី កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ នេះបានរំលេចលើសពីភាពឈ្នះ ឬចាញ់។ ក្នុងនោះអង្គភាពនីមួយៗដែលបានចូលរួម មិនថាក្នុងលទ្ធផលយ៉ាងណា តែងតែមានការវិវត្តមកកាន់ភាពរីកចម្រើនជាលំដាប់។ លើសពីនេះ អង្គភាពទាំងអស់បានចូលរួមក្នុងវេទិកាចែករំលែកបទពិសោធ និងវេទិកាផ្សេងៗទៀត ដែលគណៈកម្មការ និងក្រសួងមុខងារសាធារណៈ រៀបចំដើម្បីផ្តល់ឱកាសដល់ លោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា និងបុគ្គលិកបានឈ្វេងយល់ និងចែករំលែកពិសោធន៍ជូនគ្នាទៅវិញទៅមក ទាំងសិល្បៈនៃការដឹកនាំអង្គភាព នវានុវត្តន៍ក្នុងការដឹកនាំអង្គភាព ការគ្រប់គ្រងបុគ្គលិក និងអង្គភាព ក៏ដូចជាវិជ្ជាជីវៈ នៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ។

កន្លងមករាជរដ្ឋាភិបាល តាមរយៈគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានធ្វើការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១៩ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ សម្រាប់គ្រឹះស្ថានអប់រំសាធារណៈ ចលនាប្រឡងប្រណាំងនេះចាប់ផ្ដើមពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ រីឯសម្រាប់គ្រឹះស្ថានសុខាភិបាលសាធារណៈវិញ ចាប់ផ្ដើមពីមណ្ឌលសុខភាព ដល់មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣។ ចលនានេះ ត្រូវបានដាក់ឱ្យអនុវត្តដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៨ ដើម្បីផ្ដល់ការលើកទឹកចិត្ត និងសន្ទុះនៃការចូលរួមលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋានពីគ្រប់តួអង្គពាក់ព័ន្ធ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់យ៉ាងមុតមាំថា ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ នឹងបន្តបេសកកម្មក្នុងការដឹកនាំ គ្រប់គ្រង និងជំរុញការអនុវត្តការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរថែមទៀត ស្របតាមទិសដៅក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ វិស័យសុខាភិបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

គួររម្លឹកផងដែរថា អនុលោមតាមប្រកាសអន្តរក្រសួងលេខ ១០២៨/២៥ មស.គវជ. ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ដីពីការដាក់ឱ្យដំណើរការការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៥ និងប្រកាសអន្តរក្រសួងលេខ ១០២៧/២៥ មស.គវជ. ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ដីពីការដាក់ឱ្យដំណើរការការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៥ អង្គភាពគោលដៅនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំនេះ រួមមាន៖ (១) អនុវិទ្យាល័យ និងសាលាបឋមសិក្សាសម្រាប់វិស័យអប់រំ និង (២) មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។