លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា នាំយកមុខងារដ៏សំខាន់របស់កម្មវិធីទូរសព្ទដៃកំណត់ត្រាទឹកនោមផ្អែម ទៅបង្ហាញក្នុងសិក្ខាស្ដីពី «ការគណនាកាបូនអ៉ីដ្រាត»
នាថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា អគ្គលេខាធិការសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា និងជាភាតរសមាជិករបស់សហព័ន្ធទឹកនោមផ្អែមអន្តរជាតិ បានចូលរួមធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលា ស្ដីពី «ការគណនាកាបូនអ៉ីដ្រាត» នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ខេត្តសៀមរាប)។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងពាក់ព័ន្ធទៅនឹងការប៉ាន់ប្រមាណជាតិស្ករនៅក្នុងចំណីអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីកម្មវិធីទូរសព្ទដៃកំណត់ត្រាទឹកនោមផ្អែម ដែលបង្កើតឡើងដោយសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដោយក្នុងនោះមុខងារមួយរបស់កម្មវិធីទូរសព្ទដៃកំណត់ត្រាទឹកនោមផ្អែម អាចអនុញ្ញាតឱ្យអ្នកជំងឺអាចស្កេន ដើម្បីគណនាពីកាឡូរីនៅក្នុងចំណីអាហារបាន ហើយមុខងារនេះ ពិតៈជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្ដីពី «ការគណនាកាបូនអ៉ីដ្រាត» ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យជ័យវរ្ម័នទី៧ សហការជាមួយអង្គការសកម្មភាពដើម្បីជំងឺទឹកនោមផ្អែម (Action4Diabetes) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមគ្រូពេទ្យឯកទេសជាច្រើនរូបផងដែរ៕