វេជ្ជបណ្ឌិត ជុំ សុជាតិ៖ បញ្ជាក់ពីមូលហេតុដែលការព្យាបាលដោយដុតដុំសាច់ (Thermal ablation) ជាជម្រើសល្អសម្រាប់អ្នកជំងឺក្រពេញទីរ៉ូអ៊ីត
ថ្លែងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Brandmedia ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី «នវានុវត្តន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត» លោកវេជ្ជបណ្ឌិត ជុំ សុជាតិ ឯកទេស រោគវិនិច្ឆ័យ និងអន្តរាគមន៍វិទ្យុសាស្ត្រព្យាបាលមហារីក នៃមន្ទីរ ពេទ្យកាល់ម៉ែត្រ បានលើកឡើងថា ការវិវត្ត និងរីកចម្រើន នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា បាននាំមកនូវវិធីសាស្ត្រថ្មីៗ ក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺពកក បន្ថែមទៅលើវិធី សាស្ត្រព្យាបាលពីមុនៗ ដែលមានតែការលេបថ្នាំ តាមដាន និងជម្រើសវះកាត់ជាដើម។
លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ការព្យាបាលដោយវិធីដុតដុំសាច់ពកក (Thyroid thermal ablation) មានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកជំងឺ ជាពិសេសចំពោះបងប្អូននារី ដែលមិនចង់ជ្រើសយកជម្រើសវះកាត់។ ជម្រើសដុតដុំសាច់ពកក ប្រភេទស្លូត (Benign thyroid nodules) នេះ មានប្រសិទ្ធភាពដូចការវះកាត់ ប៉ុន្តែមានអត្ថប្រយោជន៍ច្រើនដោយសារវិធីនេះមិនបន្សល់ស្លាកស្នាមនៅលើកនោះទេ។ បន្ថែមពីនេះ ការព្យាបាលមិនតម្រូវឱ្យគេងសម្រាកនៅមន្ទីរពេទ្យយូរថ្ងៃ ឆាប់ជាសះស្បើយ មិនតម្រូវឱ្យប្រើប្រាស់ថ្នាំសន្លប់ដែរ។
ដោយឡែក ការព្យាបាលដោយវិធីនេះ ការឈឺចាប់ មានកម្រិតស្រាលប៉ុននោះ និងមិនបង្កហានិភ័យទាក់ទងនឹងការខ្សោយក្រពេញ រឺកង្វះអរម៉ូនទីរ៉ូអុីដ ក្រោយការព្យាបាលនោះទេ ។
គួរបញ្ជាក់ថា ការដុតដុំសាច់ (Thermal Ablation) គឺជាបច្ចេកវិទ្យាព្យាបាលទំនើប ដែលគេប្រើរលកកំដៅ ដើម្បីដុតបំផ្លាញជាលិកាដុំសាច់នៃសរីរាង្គនានា ដូចជា ថ្លើម ក្រពេញទីរ៉ូអុីដ សួត តម្រងនោម ដោយមានជំនួយពីអេកូសាស្ត្រ រឺសុីធីស្កេន ប្រកបដោយហានិភ័យទាប ។