ក្រសួងអប់រំ អំពាវនាវដល់សប្បុរសជនឱ្យជួយឧបត្ថម្ភដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីអំពាវនាវដល់សប្បុរសជននានាជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។

ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និង ជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២។
ដោយឡែកនៅឆ្នាំនេះការប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅ វិទ្យាល័យជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ពិធីបើកការប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង ៨:០០នាទីព្រឹក នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និង រង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទីរសៀល នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅ ប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូ ទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។
ជាមួយគ្នានេះ សប្បុរសជន ក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែង អំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕
ប្រភព៖ MoEYS