|

រដ្ឋមន្រ្តីក្រសួងអប់រំ បន្តលើកទឹកចិត្តឱ្យសាលារៀននីមួយៗបន្ថែមការគិតគូរលើការបញ្ជៀបចូលបច្ចេកវិទ្យាឌីជីថលលើការរៀន និងការបង្រៀន


នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលប្រព្រឹត្តទៅថ្ងៃទី១៧ – ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និសីទនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងមកពីក្រសួងសា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ នាយក នាយិកាសាលារៀនរដ្ឋ និងឯកជន ព្រមទាំងមន្ត្រីបច្ចេកទេស មកពីការិយាល័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំង២៥ គ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ រួមទាំងសិស្សានុសិស្ស និងគ្រូបង្រៀន សរុបប្រមាណ ២៤០០នាក់។

ជាកិច្ចចាប់ផ្តើម លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការក្រុមការងារដឹកនាំ និងសម្របសម្រួលការរៀបចំ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ បានលើកឡើងពីគោលបំណង និងសារៈសំខាន់នៃការផ្តួចផ្តើមរៀបចំសន្និសីទ និងពិព័រណ៍ ព្រមទាំងធ្វើការថ្លែងអំណរគុណដល់ដៃគូសហកានានា ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងអង្គការនានាដែលបានជួយសហការរៀបចំ និងការឧបត្ថម្ភគាំទ្រ ដើម្បីឱ្យសន្និសីទនេះ បានដំណើរការដោយរលូន និងជោគជ័យ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា នៅពេលដែលពិភពលោកអភិវឌ្ឍកាន់តែខ្លាំងលើឌីជីថល វិស័យអប់រំត្រូវតែសម្របខ្លួន ដើម្បីបំពេញតម្រូវការនៃសតវត្សទី ២១ ជាពិសេសត្រូវយកឱកាសនេះ ដើម្បីសម្រួចខ្លួនទទួលបំណិនថ្មីៗ ស្វែងយល់ពីធាតុចូល EdTech Framework និងឈានឆ្ពោះទៅការបង្កើត Cambodia Digital School ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តីការអប់រំឌីជីថលសម្រាប់សាលារៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់នូវគំនិតផ្តួចផ្តើមសំខាន់ ៥ ក្នុងនោះរួមមាន៖ ១).ការបន្តពង្រឹងការអប់រំ STEM. ២).ការបង្កើតសាលារៀនឌីជីថល ដែលត្រៀមសម្ពោធនៅក្នុងសន្និបាតអប់រំពេលខាងមុខ ៣). ការបន្តបញ្ជៀប AI និងគោលនយោបាយបច្ចេកវិទ្យាសម្រាប់សាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ៤). ការរៀបចំការប្រកួតប្រជែងការប្រើប្រាស់ AI លើការអប់រំ និង៥). ការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មី (STEM) នៅសាលាបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានបន្តលើកទឹកចិត្តឱ្យសាលារៀននីមួយៗបន្ថែមការគិតគូរពីការបញ្ជៀបចូលបច្ចេកវិទ្យាឌីជីថលលើការរៀន និងការបង្រៀនដើម្បីជាការឆ្លើយតបទៅគោលនយោបាយរបស់រដ្ឋាភិបាលនៃអាណត្តិទី៧នេះ។

សូមជម្រាបថា សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាគឺជាវេទិកាដំបូង និងធំជាងគេបំផុតរបស់ប្រទេសសម្រាប់ការប្រជុំពិភាក្សា និងកិច្ចសហការដើម្បីលើកកម្ពស់ការអប់រំតាមរយៈបច្ចេកវិទ្យា ដែលសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានគោលនយោបាយ (DoPo) និងដៃគូអភិវឌ្ឍនានាក្នុងគោលបំណងប្រមូលផ្ដុំគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រួសត្រាយអនាគតនៃការអប់រំតាមបែបឌីជីថលនៅកម្ពុជា៕

រូមភាពដោយ៖​ ក្រសួងអប់រំយុវជន និងកីឡា