|

ស្ត្រីម្នាក់ដែលតាំងខ្លួនជាព្រះនាងឥន្ទ្រទេវី និងប្រតិបត្តិមិនត្រឹមត្រូវក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានមន្រ្តីជំនាញខេត្តសៀមរាប ចុះអប់រំ ណែនាំ និងធ្វើកិច្ចសន្យា


ស្ត្រីម្នាក់ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូ លី បានតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី និងបានប្រតិបត្តិមិនត្រឹមត្រូវក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តអង្គរខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានមន្ត្រីជំនាញ ដែលដឹកនាំដោយអភិបាលរងខេត្តសៀមរាប រួមនឹងការនិមន្តចូលរួមពីព្រះមេគណខេត្ត បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពនេះតទៅទៀត។

លោក យុន លីនណេ អភិបាលរងខេត្ត បញ្ជាក់ថា ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យានេះ គឺដើម្បីការពារវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដោយអ្នកដែលមានជំនឿផ្សេងៗគ្នាមិនត្រូវបានហាមឃាត់នោះទេ ប៉ុន្តែមិនត្រូវយកសាសនាមកលាយឡំគ្នា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសពុទ្ធសាសនា ដែលជាសាសនាដែលយើងគ្រប់គ្នាត្រូវចូលរួមថែរក្សាការពារឱ្យបាននៅផូផង់ជារៀងរហូត។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា នេះជាលើកទី២ហើយ សម្រាប់ករណីស្ត្រីខាងលើ ដែលបានតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី ដោយលើទី១ នៅរាជធានីភ្នំពេញ ហើយលើកទី២នេះ គឺនៅវត្តអង្គរខាងជើង។ លោកថាក្នុងកិច្ចសន្យា លោកស្រី អេន ចរិយា បានសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី និងតាំងខ្លួនថាមានបារមីចូលសណ្ឋិត បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវនៅតាមបណ្តាញសង្គម ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់ និងធ្វើវីដេអូសុំទោសជាសាធារណៈសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ថា បើសិនជាស្ត្រីខាងលើប្រព្រឹត្តិសកម្មភាពនេះជាលើកទី៣ នោះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានាការធ្វើកិច្ចសន្យាទៀតនោះឡើយ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប