សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥
យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។
លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤។
ជាមួយនឹងការងើបឡើងវិញជាបណ្ដើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តងើបឡើងក្នុងអត្រាកំណើន ៦,៣ %។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ។

ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងសកម្មនូវ «ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥» រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុខជំនាញ និង ដោះស្រាយការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើនកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និង ងាយរងហានិភ័យ។ បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន ២ដង បើធៀប នឹងឆ្នាំ ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត។ ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបប សន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់ឆ្នាំ ២០២៥ នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២៥ ដល់ ២៣៦ ដុល្លារ យ៉ាងតិចក្នុង១ខែ៕