ហេតុអ្វីរយៈពេលចុងក្រោយនេះព្រំដែនថៃ-មីយ៉ាន់ម៉ា ក្លាយជាមជ្ឈមណ្ឌលនៃការជួញដូរ និងបោកប្រាស់លើជនជាតិចិន?


ការចាប់ជំរិតតារាចិននៅព្រំដែនថៃ-មីយ៉ាន់ម៉ានាពេលថ្មីៗនេះ បានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលបានទាក់ទាញពលរដ្ឋចិននិងបង្ខំពួកគេឱ្យចូលរួមក្នុងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រោយពេលដែលតារាប្រុសរូបនេះ ត្រូវបានដោះលែងជនរងគ្រោះពីការជួញដូរជនជាតិចិនជាច្រើនពាន់នាក់នៅតែត្រូវបានគេជឿថាកំពុងជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្កឱ្យមានសំណួរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីដំណោះស្រាយនានាលើបញ្ហានេះ។

ការបង្ហោះរាប់សិបផ្សេងទៀតបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនពីមនុស្សដែលនិយាយថាមិត្តភក្តិនិងសមាជិកគ្រួសាររបស់ពួកគេបានបាត់ខ្លួនក្នុងកាលៈទេសៈស្រដៀងគ្នានឹងករណីបាត់ខ្លួនរបស់តារាសម្ដែងចិនរូបនោះដែរ។

ប្រទេសថៃ និងមីយ៉ាន់ម៉ា ត្រូវបានគេហៅថាជាកន្លែងបង្កាត់ពូជដ៏សំខាន់សម្រាប់បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ រួមទាំងក្រុមចោរលួចបន្លំតាមប្រព័ន្ធអនឡាញ ដែលចាប់ពលរដ្ឋចិន ដោយសារតែការគ្រប់គ្រងព្រំដែន និងការអនុវត្តច្បាប់មានភាពធូររលុង ក៏ដូចជាភាពស្និទ្ធស្នាលជាមួយប្រទេសចិន។

សមាជិកគ្រួសារនៃជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនេះបានបង្ហោះបញ្ជីករណីលើអ៊ីនធឺណិត ដោយអញ្ជើញក្រុមគ្រួសារផ្សេងទៀតឱ្យផ្តល់ព័ត៌មានលម្អិតអំពីអ្នកដែលធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមក្មេងទំនើង។ រហូតមកដល់ពេលនេះវាបានចុះបញ្ជីប្រហែល ២,០០០ ករណីដែលភាគច្រើនជាបុរសដែលមានអាយុក្រោម ៣០ ឆ្នាំក្នុងនោះក្មេងជាងគេមានអាយុត្រឹមតែ ១៥ ឆ្នាំ។

មីយ៉ាន់ម៉ា គឺជាទីតាំងដ៏សំខាន់មួយផ្នែក ដោយសារព្រំដែនរួមរបស់ខ្លួន និងមួយផ្នែកដោយសារតែជម្លោះដែលកំពុងបន្តរវាងរបបយោធា និងក្រុមឧទ្ទាមប្រដាប់អាវុធ ដែលខ្លះជាជនជាតិចិន ដែលបានអនុញ្ញាតឱ្យក្រុមក្មេងទំនើងធ្វើសកម្មភាពដោយនិទណ្ឌភាព។ វាក៏មានបណ្តាញជួញដូរដែលត្រូវបានបង្កើតឡើងយ៉ាងល្អដែលនាំមនុស្សមកពីតំបន់អភិវឌ្ឍន៍តិចតួចនៃភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃខេត្តយូណាន និងក្វាងស៊ី ឆ្លងកាត់ភ្នំនៃប្រទេសវៀតណាម និងឡាវផងដែរ។

ប្រភព៖ South China Morning Post