|

មីយ៉ាន់ម៉ា និងថៃរងការរញ្ជួយដីជាបន្តបន្ទាប់ ដែលមានកម្លាំងខ្លាំងបំផុតក្នុងកម្រិត ៤.៨


ការរញ្ជួយដីជាបន្តបន្ទាប់បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដែលជាកម្រិតខ្លាំងបំផុតក្នុងកម្រិត ៤.៨ រ៉ិចទ័រ នៅជិតព្រំដែនថៃ។ នាយកដ្ឋានតាមដានការរញ្ជួយដីរបស់ប្រទេសថៃ ក្រោមនាយកដ្ឋានឧតុនិយមបានរាយការណ៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា ការរញ្ជួយដីជាបន្តបន្ទាប់បានកើតឡើងនៅមីយ៉ាន់ម៉ា និងខេត្តឈៀងរ៉ៃ ប្រទេសថៃ។

ការរញ្ជួយដីខ្លាំងបំផុតត្រូវបានកត់ត្រានៅម៉ោង ៦:៣៣នាទី ព្រឹក (ម៉ោងក្នុងតំបន់) ជាមួយនឹងកម្រិត ៤.៨ រិចទ័រ នៅជម្រៅ ១០ គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងនៅរយៈទទឹង ២២.៣៨៧°N និងបណ្តោយ ៩៦.២៨៤°E ស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃ។

ការរញ្ជួយជាច្រើនផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងតំបន់ដូចគ្នា ចាប់ពីព្រឹកព្រលឹមដល់ពាក់កណ្តាលព្រឹក ថ្ងៃទី៥ ខែឧសភា ចាប់ពី ១.៩ រិចទ័រ ដល់៣.០ រិចទ័រដែលមានចំណុចកណ្តាលក្នុងប្រទេសមីយ៉ាន់ម៉ា។

គ្រោះរញ្ជួយដីកម្រិតស្រាល ១.៩រ៉ិចទ័រ បានកើតឡើងនៅក្នុងឃុំ Huai Sak ស្រុក Muang ខេត្តឈៀងរ៉ៃ ប្រទេសថៃ ក្នុងជម្រៅរាក់ត្រឹមតែ ២ គីឡូម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ ការរញ្ជួយដីនេះពុំមានបង្កការខូចខាត ឬរបួសនោះទេ។