ប្រទេសចិន មីយ៉ាន់ម៉ា និងថៃឈានដល់ការព្រមព្រៀងគ្នាដើម្បីលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៉ីនធឺណេត
ទូរទស្សន៍ជាតិចិន CCTV បាននិយាយថា មន្ត្រីមកពីប្រទេសចិន មីយ៉ាន់ម៉ា និងថៃ នៅថ្ងៃទី២១ ខែមករា បានឈានដល់ការឯកភាពគ្នាលើការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៉ីនធឺណេតក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងគុនមីងប្រទេសចិន។

នៅក្នុងកិច្ចប្រជុំដដែលនេះ អាជ្ញាធរមកពីប្រទេសមីយ៉ាន់ម៉ា ចិន ឡាវ កម្ពុជា ថៃ និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការចាប់ខ្លួនមេដឹកនាំក្រុមឧក្រិដ្ឋជន មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៉ីនធឺណេត និង “ខិតខំប្រឹងប្រែង” ដើម្បីសម្របសម្រួលជួយសង្គ្រោះអ្នកដែលជាប់នៅទីនោះ។
ថ្មីៗនេះ ប្រទេសចិនបានបង្កើនសំឡេងររបស់ខ្លួនលើការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីមានករណីជាបន្តបន្ទាប់ រួមទាំងករណីមួយពាក់ព័ន្ធនឹងតារាសម្តែងចិន ដែលបានបាត់ខ្លួននៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត នៅក្នុងកិច្ចប្រជុំដ៏កម្រមួយជាមួយបេសកជនក្នុងតំបន់នៅទីក្រុងប៉េកាំង។

ស្ថានទូតរបស់ប្រទេសនេះនៅទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃទី២១ ខែមករាថា ចាប់តាំងពីឆ្នាំ ២០២៣មក ប្រទេសមីយ៉ាន់ម៉ាបាននិរទេសជនជាតិចិនចំនួន ៥៣,៣៨៨នាក់ដែលជាប់ពាក់ព័ន្ធក្នុងការក្លែងបន្លំតាមអ៊ីនធឺណិតដោយមិនចាត់វិធានការផ្លូវច្បាប់ ដោយលើកឡើងពី “ទំនាក់ទំនងមិត្តភាពដែលមានស្រាប់ និងហេតុផលមនុស្សធម៌”។
ប្រភព៖ The Straits Times