| |

ប្រទេសអ៊ុយក្រែនបានលើក១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាព នឹងអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ


ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ជាមួយ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ បានលើកឡើងនូវប្រធានបទចំនួន៣ ជូនសម្តេចតេជោ ៖

ទី១)ប្រទេសអ៊ុយក្រែនបានលើក១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាព និងអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយឯកឧត្តមរំពឹងថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាកូនប្រុសរបស់សម្ដេចតេជោ នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់ អ៊ុយក្រែន និងពិភពលោក ។

ទី២)ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជាគឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំនុចនេះ ឯកឧត្តម ស្នើសុំការគាំទ្រពី សម្តេចតេជោប្រធានព្រឹទ្ធសភា និងទន្ទឹងរងចាំកម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីននៅប្រទេសអ៊ុយក្រែនផងដែរ ។

ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ឯកឧត្តមប្រធានសភា បានអញ្ជើញសម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។ សម្តេចតេជោ ក៏បានជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។

ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានស្នើឱ្យមានអ្នកដោះមីនកម្ពុជា ទៅជួយនៅអ៊ុយក្រែន ។ សម្តេចបានមានប្រសាសន៍ថា សម្តេច មានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញ កម្ពុជា មិនអនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន ។ សម្តេចបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន៕

ប្រភព៖ SHS