|

ក្រសួងការពារជាតិ ចេញសេចក្ដីបំភ្លឺជុំវិញការផ្សព្វផ្សាយថាករណីឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ ជាអំពីភេរវកម្ម


នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការពារជាតិបានចេញសេក្ដីប្រកាសត៌មានស្ដីពីករណីឧទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគ៣ ដោយបញ្ជាក់ថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុឌជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនាបស់បុគ្គលណាមួយ ដូចការបំផ្លើសឡើយ។

ជាមួយគ្នានេះ ក្រសួងបានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ ការទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភព៖ ក្រសួងការពារជាតិ