|

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ លើកឡើងពីប្រធានបទដ៏សំខាន់ក្នុងវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ


នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ (ECOSOC Youth Forum 2024) ក្រោមអធិបតី ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកជំទាវ Puala Narváez ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) និងឯកឧត្តម Dennis Francis ប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូបានធ្វើបទអន្តរាគមន៍ ស្តីពី “Progressing from poverty to prosperity: youth as agents of change” ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ចំពោះការអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនក្នុងការដោះសោរសក្តានុពលតាមរយៈការអប់រំ និងឱកាសការងារសមរម្យ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងពីការការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការវិវត្តន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញសតវត្សរ៍ទី២១ ក៏ដូចជាការត្រៀមខ្លួនរបស់យុវជនសម្រាប់ទីផ្សារការងារស្របតាមបរិការណ៍ថ្មី។

គួរបញ្ជាក់ថា វេទិកាយុវជនឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក មានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ “Youth shaping sustainable and innovative solutions: Reinforcing the 2023 agenda and eradicating poverty in times of crises”។

ប្រភព៖ MoEYS