| |

ហេតុអ្វីបានជាការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រ?


នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ ក្រុមហ៊ុន ។

មានប្រសាសន៍ក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ ក្រុមហ៊ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ អូស្ត្រាលី តែងតែជាអ្នកវិនិយោគដ៏សំខាន់មួយនៅកម្ពុជា លើវិស័យជាច្រើនរួមមានសេវាកម្មអប់រំ, អាហារ និងភេសជ្ជៈ, សេវាកម្មហិរញ្ញវត្ថុ, ការរុករករ៉ែ និងធនធាន, បដិសណ្ឋារកិច្ច និងការទិញសម្លៀកបំពាក់ ជាដើម ។

សម្ដេចបន្តថា ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើភាពសម្បូររុងរឿងសម្រាប់ពេលអនាគតរបស់ប្រទេសទាំងពីរ ព្រោះថាគន្លងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំងភូមិសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគអូស្ត្រាលី ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ ។ បន្តទៅមុខ ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជានឹងកាន់តែមានសារៈសំខាន់ថែមទៀតលើវិស័យជាច្រើនដូចជាកសិកម្ម និងឧស្សាហកម្មកសិកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌បៃតង ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើអោយកម្ពុជាក្លាយទៅជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ក្នុងនោះកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ប្រយោជន៍ធានាបាននូវភាពជោគជ័យដល់ការធ្វើអាជីវកម្ម និងវិនិយោគក្នុងប្រទេស ជាពិសេស តាមរយៈការរៀបចំវេទិការដ្ឋាភិបាល និងវិស័យឯកជនជាប្រចាំ ។

ប្រភព៖ STPM