|

CNCC៖ ការប្រកួតបាល់ទាត់នឹងមិនអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់ឡើយ


គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសផ្អាកមិនឱ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡាដ្ឋាន ក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ​ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១​ ខាងមុខនេះ ជាបណ្ដោះអាសន្ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CNCC នៅថ្ងៃទី២៥ ខែកុម្ភៈ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ ដោយសារស្ថានភាពធ្ងន់ធ្ងរ នៃការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះផង គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្អាកមិនឱ្យមានអ្នកចូលទស្សនាផ្ទាល់នៅកីឡាដ្ឋានក្នុងការប្រកួតបាល់ទាត់ទាំងពីរលីគខាងលើជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ 

សេចក្ដីប្រកាសដដែលនេះក៏បានប្រកាស និងអំពាវនាវឱ្យអ្នកស្រលាញ់បាល់ទាត់ទាំងអស់ អនុវត្តតាមសេចក្ដីជូនដំណឹងខាងលើឱ្យបានម៉ឺងម៉ាត់ ហើយបន្តអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច និងមានប្រសិទ្ធភាពខ្ពស់បំផុត។ 

សូមបញ្ជាក់ផងដែរថា ក្រៅពីការហាមប្រាមមិនឱ្យមានអ្នកគាំទ្រផ្ទាល់នៅក្នុងការប្រកួតបាល់ទាត់ រដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ ក៏បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវសាលារៀន ក្លិបហាត់ប្រាណ និងរោងភាពយន្តជាដើម៕

រូបភាព៖​ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

ដោយ៖ ម៉ាន់ ហ៊ុយលាង

កែសម្រួលដោយ៖ ង៉ាយ ណៃ