|

អ្នកនាំពាក្យក្រសួងកសិកម្មបកស្រាយថា អាជ្ញាធរហាមឃាត់មិនឱ្យកសិករធ្វើស្រែលើកន្លែងដែលពួកគាត់តែងតែធ្វើ តាមពិតទៅ គឺជារឿងយល់ច្រឡំ!


ថ្មីៗនេះអ្នកលេងបណ្ដាញសង្គម និងជាពិសេសប្រជាកសិករមួយចំនួនបានបង្ហាញនូវកង្វល់ចំពោះបញ្ហាកង្វះទឹកសម្រាប់ការធ្វើស្រែនារដូវប្រាំង នាឆ្នាំនេះ។ ស្របពេលជាមួយគ្នានេះ គេឃើញនៅតាមមូលដ្ឋានខេត្តមួយចំនួនបានជូនដំណឹង ឱ្យកសិករទាំងអស់ផ្អាកការធ្វើស្រែស្រូវប្រាំង ព្រោះទឹក សម្រាប់ស្រោចស្រពស្រូវប្រាំងមានកម្រិត ដែលហេតុនាំឱ្យមានប្រតិកម្ម និងការជជែកវែកញែកកាន់តែខ្លាំងឡើង។ថា

ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានរៀបរាប់នៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា «ឆ្នាំកន្លងមក យើងតែងជួបបញ្ហាខ្វះខាតទឹក តែពេលមានគ្រោះរាំងស្ងួតទេ តែសម្រាប់ឆ្នាំនេះ មិនទាន់ទាំងមានគ្រោះរាំងស្ងួតផង បែរជាយើងប្រឈមនឹងបញ្ហានេះបាត់ទៅហើយ ទោះបីជាយើងបានត្រៀមផែនការផ្គត់ផ្គង់ទឹកទុកជាមុនបានយ៉ាងសមរម្យរួចជាស្រេចហើយក៏ដោយ។ ហេតុអ្វី?

លោកបានបញ្ជាក់ថា មានអ្នកយល់ច្រលំថា អាជ្ញាធរហាមឃាត់មិនឱ្យកសិករធ្វើស្រែលើកន្លែងដែលពួកគាត់តែងតែធ្វើ តែតាមពិតទៅ ឆ្នាំនេះប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើទាំងប្រថុយប្រថាន នៅលើកន្លែងដែលមិនដែលធ្លាប់ទាំងធ្វើផង ព្រោះស្រូវលក់បានថ្លៃ ទោះបីជាដឹងថាមានហានិភ័យក៏ដោយ ដែលជាហេតុធ្វើឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្ត គ្មានជម្រើសអ្វីក្រៅពីប្រញាប់ជូនដំណឹងពីការខ្វះខាតទឹកនោះទេ។ ការផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា គឺជាអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ក្នុងចេតនាព្យាយាមការពារអ្នកដែលបានជ្រុលជាចាប់ផ្តើមរួចហើយកុំឱ្យខ្វះទឹកពាក់កណ្តាលទីតែប៉ុណ្ណោះ និងណែនាំអ្នកថ្មីកុំឱ្យចាប់ផ្តើមធ្វើបន្ថែមទៀត ដែលនាំឱ្យមានការខាតបង់រឹតតែច្រើន។

អ្នកនាំពាក្យរូបនេះបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ពេលកសិករជួបបញ្ហា យើងមិនខ្វល់ថាអ្នកណាខុសអ្នកណាត្រូវនោះទេ អ្វីដែលអាចជួយដោះស្រាយបញ្ហាប្រឈមបានភ្លាមៗ អាជ្ញាធរនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព។ តែយើងក៏មិនរំពឹងទុកថាទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះដែរ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹកទាំងនេះ ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។

ប្រភព៖ ឃឹម ហ្វីណង់- Khim Finan