| |

វឌ្ឍនភាពនៃទំហំពាណិជ្ជកម្មកម្ពុជា បញ្ជាក់ពីសក្ដានុពលនៃរដ្ឋមន្ត្រីស្ត្រីវ័យក្មេងនៃក្រសួងពាណិជ្ជកម្ម


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងប្រសាសន៍នាឱកាសនោះ លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ សម្រេចបាន ៤៣.៥២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានចំនួន ២១ ពាន់លានដុល្លារអាមេរិក គឺមានកើនឡើង ៤.០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល១១ខែ ឆ្នាំ២០២២។

ដោយឡែក ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។ សូមបញ្ជាក់ថាទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈ ១) ការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែ ទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ២) ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ៣) ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍ ទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និង ៤) ការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា លោកជំទាវ ចម និម្មល គឺជាថ្នាក់ដឹកនាំវ័យក្មេងមួយរូប ដែលពោរពេញដោយសមត្ថភាព និងបានទទួលការទុកចិត្ត និងកោតសរសើរពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញអនុវត្តការងារយ៉ាងឆាប់រហ័ស និងចេញលទ្ធផលបានល្អប្រសើរ។ អ្វីដែលគួរកត់សម្គាល់ លោកជំទាវរដ្ឋមន្ត្រី បានកសាងសមិទ្ធផល និងស្នាដៃជាច្រើន និងជាបន្តបន្ទាប់សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលដ៏ខ្លី៕