|

សីលធម៌គ្រូពេទ្យនៅតែជាកង្វល់របស់អ្នកជំងឺក្រីក្រ ប៉ុន្តែស្ថិតក្រោមការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល


បញ្ហាសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ មិនមែនជារឿងថ្មីទេសម្រាប់ការលើកមកជជែកពិភាក្សាពីសំណាក់ប្រជាពលរដ្ឋ។ ជាញឹកញាប់ គេតែងសង្កេតឃើញមានការលើកឡើងជាហូរហែពាក់ព័ន្ធនឹងសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ជាពិសេសគ្រូពេទ្យមួយចំនួននៅតាមមន្ទីរពេទ្យបង្អែក ឬពេទ្យរដ្ឋ ដែលប្រើសម្ដីសម្ដៅមិនសមរម្យ និងមានអាកប្បកិរិយាឆ្មើងឆ្មៃចំពោះអ្នកជំងឺក្រីក្រ ដែលទៅទទួលសេវាព្យាបាល និងថែទាំសុខភាព។

ទាក់ទងនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏តែងបានណែនាំ និងដាស់តឿនជារឿយៗ ក៏ដូចជាការព្រមាន ចាត់វិធានការតឹងរឹងចំពោះគ្រូពេទ្យណា ដែលរំលោភ បំពានក្រមសីលធម៌វិជ្ជាជីវៈផងដែរ ប៉ុន្តែឥរិយាបថបែបនេះ នៅតែមិនទាន់អាចដោះស្រាយឱ្យបានល្អប្រសើរទាំងស្រុងឡើយ។

យ៉ាងណាមិញ ក្រសួងសុខាភិបាលនៅតែបន្តអប់រំ ណែនាំជារឿយៗពាក់ព័ន្ធនឹងបញ្ហានេះ។ ជាក់ស្ដែង សីលធម៌វិជ្ជាជីវៈនេះ ជាចំណុចអាទិភាពមួយ ក្នុងចំណោមចំណុចអាទិភាពមួយចំនួនដែលឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល បានផ្ដល់អនុសាសដើម្បីពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក ក្នុងគោលបំណងជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តគន្លឹះ ៩ចំនុច និងអាទិភាព ៣ចំនុច ស្របតាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ពង្រឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន ការយាមកាមបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាជន រៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ គោរពឋានានុក្រុម គោរពក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ ពង្រឹងការងារប្រជុំបច្ចេកទេស និងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម ចែករំលែកទូលំទូលាយការបណ្តុះបណ្តាលបន្តពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលការងារនិងពង្រឹងសមត្ថភាពដល់មន្ត្រី ពង្រឹងការថែទាំឱសថ បរិក្ខារ សម្ភារៈឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពព្យាបាលជូនប្រជាជន សុទ្ធសឹងជាអ្វីដែលមន្ទីរពេទ្យបង្អែកត្រូវយកចិត្តទុកដាក់។

គួរបញ្ជាក់ថា អនុសាសន៍នេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកចំនួន០៣ នៅខេត្តត្បូងឃ្មុំ រួមមាន មន្ទីរពេទ្យបង្អែកអូររាំងឳ មន្ទីរពេទ្យបង្អែកពញាក្រែក និងមន្ទីរពេទ្យបង្អែកមេមត់ កាលពីថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

រូបភាព៖ RFI