|

កុំរំលងឱ្យសោះ! ពិធីបុណ្យអុំទូកនៅខេត្តសៀមរាប ឆ្នាំនេះនឹងកាន់តែអស្ចារ្យ


រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីកម្សាន្តជាច្រើនចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឆ្នាំ២០២៣។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេីដោយមានរៀបចំនូវកម្មវិធីកម្សាន្តដូចជាការប្រកួតទូកបុរស នារី អុំទូកខ្នាតតូច ជិះទូកលេងកម្សាន្ត ផ្សារទឹក ការប្រគុំតន្ត្រី ប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ អកអំបុក បណ្តែតប្រទីប ការតាំងពិរពណ៌ និងកម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។

ការបញ្ជាក់នេះ ធ្វើឡើងនៅកិច្ចប្រជុំពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាបសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា នាសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើរៀបចំក្លោងទ្វារ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ និង ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ និង បញ្ហាពាក់ព័ន្ធជាច្រើនទៀតសម្រាប់ឲ្យដំណោះការពិធីឱ្យដំណើរទៅដោយរលូននិងសប្បាយរីករាយ។

ឯកឧត្តម បានស្នេីដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្មោធ្វើជាប្រទីបឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហេីយសូមបងប្អូនត្រូវធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប