លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសារការពារដាច់ខាត មិនឱ្យជនណា ឬក្រុមណាមកបំផ្លិចបំផ្លាញសន្តិភាពឡើយ
ការថ្លែងសារនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារគិលានដ្ឋាន និងអគារសាលប្រជុំដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម និងពិធីសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានកាំភ្លើងធំ” ដែលមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានកាំភ្លើងធំ តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ប្រមាណ២០០នាក់ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងក្តីនឹករលឹកបំផុតដល់បងប្អូនយុទ្ធជនពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជា ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់និងគិតគូរជានិច្ច ពីជីវភាព និងសុខទុក្ខរបស់បងប្អូនកងយោធពលខេមរភូមិន្ទទាំងអស់។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមគំនិតក្នុងការសាងសង់នូវអគារចំនួន ២ខ្នងរួមមាន៖ អគារគិលានដ្ឋាន ១ខ្នង ដែលបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០២១ និងអគារសាលប្រជុំធំ ១ខ្នង ដែលបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០២២ និងអគារទាំងពីរខ្នងនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលថ្ងៃនេះ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់ដែលត្រូវរួមសាមគ្គី និងការពារដាច់ខាត មិនឱ្យជនណា ឬក្រុមណាមកបំផ្លិចបំផ្លាញសន្តិភាព។ ដោយឆ្លៀតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកជំទាវរដ្ឋមន្ត្រីក៏បាន នាំមកជូននូវសម្ភារនិងថវិកាមួយចំនួន ជូនដល់បញ្ជាការកាំភ្លើងធំសម្រាប់ប្រើប្រាស់ផងដែរ៕