រាជរដ្ឋាភិបាល ប្ដេជ្ញាតម្លើងប្រាក់ខែឲ្យកម្មករ កម្មការិនី ជារៀងរាល់ឆ្នាំ
នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
![](https://media.brandbodia.com/wp-content/uploads/2023/10/IMG_3729-1024x682.jpg)
សម្ដេចបានបញ្ជាក់ថា រដ្ឋាភិបាល គិតគូទាំងថៅកែ និងកម្មករ បាតដៃក៏សាច់ ខ្នងដៃក៏សាច់ ប្រសិនបើតម្លើងប្រាក់ខែខ្ពស់ពេកដល់កម្មករ ថៅកែគ្មានលទ្ធភាព អាចបិទទ្វាប៉ះពាល់ដល់ការងារកម្មករ ដូច្នេះហើយថៅកែមានលទ្ធភាពតម្លើង២ដុល្លា រាជរដ្ឋាភិបាលជួយ២ដុល្លា ដើម្បីឲ្យបាន៤ដុល្លា»។ សម្តេចធិបតី បានបន្តថា «ប្រាក់ខែកម្មករនៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង ដែលកំពុងប្រកួតប្រជែងចង់បានអ្នកវិនិយោគទៅប្រទេសគេ ដូច្នេះស្ថិតក្នុងភាពលំបាកនេះ យើងអាចតម្លើងបាន យើងចែកគ្នារស់ រក្សាឆ្នាំបាយ ពង្រីកឆ្នាំបាយរបស់យើង។…សំខាន់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ខិតខំតម្លើងប្រាក់ខែឲ្យបានដល់កម្មករកម្មការិនី ទោះតិចក្តីច្រើនក្តី ឡើងជារៀងរាល់ឆ្នាំ»។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដែលបានខិតខំសម្របសម្រួល ចំពោះការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ ឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់។
គួរបញ្ជាក់ថា នេះគឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។