|

តើពិព័រណ៍អាស៊ាន-ចិន ផ្ដល់ផលយ៉ាងណាខ្លះចំពោះពាណិជ្ជកម្មកម្ពុជា?


«ការចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩។» នេះជាការគូសបញ្ជាក់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងបងប្អូនអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញដល់សាធារណជន ក្នុងកម្មវិធី “ពិព័រណ៍អាស៊ាន-ចិន លើកទី២០” ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ កញ្ញា ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា ក្រសួង-ស្ថាប័ពាក់ព័ន្ធដែលបានចូលរួមរៀបចំ និងនាំយកផលិតផលខ្មែរមកបង្ហាញក្នុងពិព័រណ៍អាស៊ាន-ចិន លើកទី២០ រួមមានជាអាទិ៍៖ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល សភាពាណិជ្ជកម្ម រួមទាំងវិស័យឯកជនកម្ពុជា ទាំងសហគ្រាសធុនតូច និងមធ្យមផងដែរ៕

ប្រភព: Samdech thipadei Hun Manet, Prime Minister of Cambodia