SPM៖ គម្រោងចាក់វ៉ាក់សាំងគឺត្រូវលុបចោល តែកម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំងនៅរក្សាដដែល


ប៉ុន្មាននាទីមុននេះ នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសជាថ្មីថា៖ គម្រោងចាក់វ៉ាក់សាំងដែលគ្រោងនឹងចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល ដោយសារក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាទើបតែបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាថា វ៉ាក់សាំង(Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា “…សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ …ទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។”

ចុងបញ្ចប់នៃខ្លឹមសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ជូនជនរួមជាតិយ៉ាងប្រចក្សថា៖ សម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាចថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល។

សូមជម្រាបជូនផងដែរថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់កម្ពុជាចំនួន ៦០ ម៉ឺនដូស (ដំណាក់កាលដំបូងនៃជំនួយសរុប ១លានដូស) នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១ តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា៕

រូបភាព៖ SPM