សមាគមសាលាត្រាជូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) លើក្របខណ្ឌស្ដីពី «កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងការលើកកម្ពស់ចំណេះដឹងច្បាប់ ជូនសមាជិក-សមាជិកានៃសមាគមសាលាត្រាជូ»
កាលពីរសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ នេះ, សមាគមសាលាត្រាជូ ដឹកនាំដោយឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិនៃសមាគមសាលាត្រាជូ, លោក ចក សម្បត្ដិ និងលោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ ព្រមទាំងសហការី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដែលដឹកនាំដោយឯកឧត្ដម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. , Mr. Knut Rosandhaug អនុប្រធានរដ្ឋបាល អ.វ.ត.ក. , ឯកឧត្ដម ថោង សុជាតិ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ អ.វ.ត.ក. និងលោក សាន់ រ៉ាដា មន្រ្ដីផ្នែកគ្រប់គ្រងតុលាការនៃ អ.វ.ត.ក. ព្រមទាំងសហការី លើក្របខណ្ឌស្ដីពី «កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល និងការលើកកម្ពស់ចំណេះដឹងច្បាប់ ជូនសមាជិក-សមាជិកានៃសមាគមសាលាត្រាជូ» នៅបណ្ណាល័យនៃ អ.វ.ត.ក. ។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងបង្កើនកិច្ចសហការលើការងារចែករំលែកចំណេះដឹង បទពិសោធច្បាប់ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្ដែងផ្សេងៗនៃ អ.វ.ត.ក. តាមរយៈកម្មវិធីរួមគ្នានៃកម្មវិធីបណ្ដុះបណ្ដាលនានា ដែលមានជាអាទិ៍ សិក្ខាសាលា ការបង្កើតកម្មវិធីសិក្សាសម្រាប់សមាជិក សមាជិកាទស្សនកិច្ចសិក្សា ការធ្វើសវនាការត្រាប់នៅស្ថាប័ន អ.វ.ត.ក និងការងារផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់។
សូមបញ្ជាក់ផងដែរថា សមាគមសាលាត្រាជូត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដែលមានគោលបំណងប្រមូលផ្តុំអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងឆន្ទៈជំរុញការសិក្សាស្រាវជ្រាវ និងអប់រំផ្នែកនីតិសាស្ត្រឱ្យកាន់តែមានលក្ខណៈល្អប្រសើរប្រកបដោយលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សមាគមសាលាត្រាជូត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ថាជាស្ថាប័នផលិតគំនិតដែលប្រមូលផ្តុំសុទ្ធសឹងជាបញ្ញវ័ន្តអ្នកច្បាប់ពហុជំនាញពោរពេញដោយសមត្ថភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងដែលទុកចិត្តបានពីបណ្តាសាធារណជន សិស្សនិសិ្សត អ្នកស្រាវជា្រវ អ្នកប្រកបវិជ្ជាជីវៈច្បាប់ សាធារណជន ក៏ដូចជាសហគមន៍អ្នកច្បាប់ទាំងមូលផងដែរតាមរយៈសកម្មភាព និងស្នាដៃនានាជាច្រើន៕