|

លោក ហ៊ុន ម៉ានី៖ «ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ»


នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហោះសារលើទំព័រផ្លូវការរបស់ខ្លួន ស្របជាមួយនឹងទំព័រផ្លូវការ ស.ស.យ.ក. ដែលបង្ហាញពីភាពជា ម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលដ៍ខ្លីខាងមុខ។ ជាមួយនឹងការបង្ហោះខ្លឹមសារភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹករបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាអំឡុងពេលប្រកួត លោក ហ៊ុន ម៉ានី បានសរសេរថា៖ «ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ។»

លោកបានបញ្ជាក់បន្ថែមថា ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។ ទន្ទឹមនេះ លោកផ្ទាល់ក៏បានអំពាវនាវអោយ ទាំងអស់គ្នា រួមគ្នា គាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

លើសពីនេះទៀតសោត ខ្លឹមសារដែលបានចេញផ្សាយលើទំព័រ ស.ស.យ.ក. នាព្រឹកថ្ងៃនេះដូចគ្នា ក៏បានរំលេចពីការចូលរួមសាទរភាពម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ពិសេសនេះផងដែរ ដោយបានបង្ហាញពីអត្ថន័យនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាលើពីការរៀបចំការប្រកួត។ តាមរយៈខ្លឹមសារនេះ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជានឹងទទួលបានពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាម្តងទៀតនេះ មិនមែនត្រឹមតែជាការទទួលស្គាល់ពីពិភពលោក ចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំ និងគ្រប់គ្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែជាការទាញអារម្មណ៍បន្ថែមឲ្យពិភពលោកយល់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់ជនដែលមានពិការភាព។ នេះជាការគោរពដល់សិទ្ធិជាសារវ័ន្តរបស់ពួកគាត់ (អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា)។

កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាក និងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម ដូច្នេះកម្ពុជាពិតជាយល់ច្បាស់ណាស់ពីទុក្ខវេទនារបស់ជន ដែលមានពិការភាព។ ដើម្បីបញ្ជៀសឲ្យខាងតែបាននូវទុក្ខវេទនានេះ កម្ពុជាបានខិតខំអស់ពីកម្លាំងកាយ និងចិត្ត ក្នុងការកសាងសន្តិភាព និងការពារនូវអត្ថិភាពនៃសន្តិភាពឲ្យខាងតែបាន ដើម្បីបង្កើតមុខមាត់ថ្មីមួយ ដែលជាក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់គ្នា។

សូមជម្រាបជូនថា បន្ទាប់ពីសម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ពីភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសល់តែរយៈពេល១២ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតលើវិស័យកីឡា ដោយការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។