| |

ឯកឧត្តម ហ៊ុន ម៉ានី៖ «ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀបពេលដែលគ្មានសុខសន្តិភាព»


នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ថ្លែងក្នុងឱកាសអញ្ជើញផ្តល់ជាបាឋកថា ស្តីពី តួនាទីយុវជនក្នុងសង្គមកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានគួសបញ្ជាក់ថា សុខសន្តិភាពគឺជាខឿននៃការអភិវឌ្ឍជាតិហើយសុខសន្តិភាព និងជាអ្វីដែលគ្រប់ៗគ្នាត្រូវការពារជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមបានលើកឡើងថា «ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀបពេលដែលគ្មានសុខសន្តិភាព ក៏ដូចជាស្វែងយល់អោយច្បាស់ពីសមិទ្ធផលសន្តិភាពដែលទទួលបានតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានក្លាយជាមូលដ្ឋាននៃការរស់រាននៃសង្គម សេដ្ឋកិច្ចជាតិ រហូតឈានដល់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងបន្តទៅមុខ»។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាកលវិទ្យាល័យការពារជាតិដែលបានផ្តល់ជាមូលដ្ឋានបណ្តុះបណ្តាលផ្នែកយោធាចារ្យ ដែលជាវិស័យដែលមិនអាចខ្វះបាន និងសំខាន់សម្រាប់ប្រទេសជាតិ។

គួរបញ្ជាក់ថា បាឋកថានាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ឯកឧត្តមសាកលវិទ្យាធិការរង យោធាចារ្យ នាយទាហាន បុគ្គលសិក្សា និស្សិត សិក្ខាកាម ប្រមាណ ៩០០ នាក់៕