|

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំចលនាយុវជននៃសាកលវិទ្យាល័យស្វាយរៀង


នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំចលនាយុវជននៃសាកលវិទ្យាល័យស្វាយរៀង ដោយមានការអមដំណើរដោយឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះដ្ឋានឧត្តមសិក្សា (ក.យ.គ)។

ជំនួបនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងស្ដាប់ពីស្ថានការណ៍ និងស្វែងយល់ពីស្ថានភាពនៃសាកលវិទ្យាល័យក្នុងពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណារួមគ្នាពង្រឹង និងអភិវឌ្ឍន៍ការអប់រំ ក្នុងសាកលវិទ្យាល័យឱ្យបានកាន់តែមានរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ កិច្ចពិភាក្សាបានបន្តផ្តោតលើការស្វែងរកឱកាសបន្ថែមសម្រាប់យុវជនដែលជានិស្សិតក្នុងសាកលវិទ្យាល័យផ្ទាល់ ព្រមទាំងនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាននានា និងផ្តល់ត្រឡប់មកកាន់សង្គម តាមរយៈការចូលរួមបំពេញការងារស្ម័គ្រចិត្តសង្គម និងមនុស្សធម៌។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តអោយសាកលវិទ្យាល័យបន្តប្រើប្រាស់ធនធាន និងគម្រោងដែលមានស្រាប់នៅក្នុងសាកលវិទ្យាល័យ ផ្សារភ្ជាប់កិច្ចសហការជាមួយសហគ្រាស និងវិស័យឯកជនអោយបានច្រើនដើម្បីផ្ដល់ឱកាសល្អៗសម្រាប់យុវជនដែលមានសក្ដានុពល៕