|

សម្ដេច ហ៊ុន សែន៖ «យើងនឹងពង្រឹងដោយឥតដកថយ ទៅលើការការបណ្ដុះបណ្ដាលធនធានមនុស្ស»


នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនប្រឡងជាប់ចំនួន ៩០,៩៥០នាក់ ប្រមាណ ៧២.៣៣%នៃបេក្ខជនសរុប។ ក្នុងនោះសិស្សដែលប្រលងជាប់និទ្ទេស A មានចំនួន ១,០៤៩ នាក់ និទ្ទេស B មានចំនួន ៧,២៣២នាក់ និទ្ទេស C មានចំនួន ១៩,០៥៣នាក់ និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងទិន្ទេស E មានចំនួន ៣២,៤៥០នាក់។

ក្នុងឱកាសនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងវិស័យអប់រំ គឺគ្មានដើរថយក្រោយនោះទេ។ ការធ្វើកំណែទម្រង់ប្រលងបាក់ឌុប នារយៈកាលកន្លងមក បានធ្វើឱ្យផ្លាស់ប្ដូរឥរិយាបថលើការរៀនសូត្រ និងការប្រឡងរបស់សិស្សកាន់តែប្រសើរឡើង។ ជាក់ស្ដែង ឆ្នាំនេះជាឆ្នាំដំបូងដែលមានសិស្សជាប់និទ្ទេសA មកពីគ្រប់ ២៥ខេត្ត-ក្រុង ខណៈដែលឆ្នាំកន្លងទៅ មានខេត្តខ្លះមានសិស្សជាប់និទ្ទេស A និងខេត្តខ្លះមានត្រឹមនិទ្ទេស B ឬ C ចុះក្រោម។ ទន្ទឹមនឹងនេះផងដែរ សម្ដេច ក៏បានកោតសរសើរខេត្តសៀមរាប ដែលមានចំនួនប្រជាជនតិចជាងបណ្ដាខេត្តដទៃ ប៉ុន្តែមានសិស្សជាប់និទ្ទេសចំនួន ១១១នាក់ ដែលជាលំដាប់ទីពីរបន្ទាប់ពីរាជធានីភ្នំពេញ ដែលមានចំនួន២៦៨នាក់។

ចំពោះលទ្ធផលដ៏ល្អនេះ សម្ដេច ក៏បានណែនាំឱ្យបុគ្គលិកអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងដោយឥតដកថយ ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំនេះផងដែរ។

ក្នុងជំនួបសំណេះសំណាលនេះ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងឡាយ បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចាប់យកជំនាញសម្រាប់កសាងអនាគតរបស់ខ្លួន ក៏ដូចជាអភិវឌ្ឍខ្លួនជាធនធានមនុស្សដ៏ឆ្នើម ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម និងជាកម្លាំងចលករលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព៕

រូបភាព៖ AKP