សម្ដេចតេជោមានប្រសាសន៍ថា «ភាសានៃការទិញ ឬជួល ដើម្បីជំនួបជាមួយសម្ដេច គួរតែត្រូវបានបញ្ចប់ ព្រោះពាក្យនេះគឺជាការបំពានសិទ្ធសេរីភាពនៃសតិសម្បជញ្ញ:របស់បងប្អូនខ្មែរយើង»
នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា២០០០នាក់ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។
ប្រជាពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប បានសម្ដែងក្ដីរីករាយចំពោះវត្តមានសម្ដេចតេជោ និងបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្ដេច ដែលនាំមកនូវការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកលូតលាស់ជាបន្តបន្ទាប់។
ថ្លែងប្រសាសន៍នៅក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបនាពេលនេះមិនមែនជារឿងចៃដន្យនោះទេ តែជាការរៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀងដើម្បីជួបគ្នានៅទៅនេះ។ នេះមិនមែនជាការទិញទឹកចិត្ត ឬទិញដូរជួល ឲ្យមកជួបនោះឡើយ។ សម្ដេច បានបញ្ជាក់ថា ភាសានៃការទិញ ឬជួល ដើម្បីជំនួបជាមួយសម្ដេច គួរតែត្រូវបានបញ្ចប់ ព្រោះពាក្យនេះគឺជាការបំពានសិទ្ធសេរីភាពនៃសតិសម្បជញ្ញ:របស់បងប្អូនខ្មែរយើង។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន អឺរ៉ុប ដើម្បីអបអរខួបអានុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខ៕