សម្ដេច ហ៊ុន សែន«ដោយសារតែខ្ញុំមានភាពល្អិតល្អន់នេះហើយ បានជាខ្ញុំអាចដឹកនាំពីមនុស្ស៥នាក់ រហូតដល់ដឹកនាំប្រទេសទាំងមូល និងក្លាយជាអ្នកដឹកនាំរយៈពេលយូរជាងគេនៅលើពិភពលោក»
កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ន័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងរាជរដ្ឋាភិបាលផ្ដល់ដីជូនប្រជាពលរដ្ឋជាថ្នូរ។។
ស្ថិតក្នុងឱកាសនៃការសំណេះសំណាលនេះ មានការរៀបចំជាទឹកសុទ្ធ ទឹកក្រូច និងនំប៉័ង មួយចំនួនសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានវត្តមាននៅក្នុងពិធីនេះ។ លើសពីនេះ ក្នុងការរុះរើផ្ទះ ប្រជាពលរដ្ឋមិនចាំបាច់ត្រូវរុះរើខ្លួនឯងដោយផ្ទាល់នោះទេ រាជរដ្ឋាភិបាលបានគិតគូទាំងការរុះរើ និងការដឹកជញ្ជូន ជូនប្រជាពលរដ្ឋទាំងអស់ ដែលនេះជាការសម្ដែងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីសូម្បីតែរឿងល្អិតល្អោច។
សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា «សូមកុំមើលស្រាលការងារល្អិតល្អោច បើអ្នកមិនគិតគូរលើរឿងល្អិតល្អោចនេះទេ អ្នកនឹងមិនមានសមត្ថភាពអាចធ្វើការងារធំបាននោះទេ»។ សម្ដេច បន្តថា «ដោយសារតែខ្ញុំមានភាពល្អិតល្អន់នេះហើយ បានជាខ្ញុំអាចដឹកនាំពីមនុស្ស៥នាក់ រហូតដល់ដឹកនាំប្រទេសទាំងមូល ហើយជាអ្នកដឹកនាំរយៈពេលយូរជាងគេនៅលើពិភពលោក»។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋបានចាប់ឆ្នោតស្ន័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍរុនតាឯកជាង២០០០គ្រួសារនោះ នឹងមានលំនៅស្ថានដែលមានស្ថេរភាព មានកម្មសិទ្ធិ ព្រមទាំងទទួលបានប័ណ្ណក្រីក្ររយៈពេល១០ឆ្នាំ ផងដែរ។ ទន្ទឹមនឹងនេះ ក៏ជាការមួយចូលរួមចំណែកធ្វើឱ្យអង្គរវត្តត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងចាត់ទុកជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏មានតម្លៃ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister