«ជនបរទេស ដែលរស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅអាចធ្វើបណ្ណចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែវ ១ឆ្នាំម្ដងដោយមិនបង់ថ្លៃ»
គ្រឹះស្ថានអង្គរ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរបរទេសដែលស្នាក់នៅកម្ពុជា ឱ្យបានជ្រាបថា រាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅប្រទេស អាចស្នើសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែវរយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។
សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ដើម្បីជាការជំរុញដល់ទេសចរផ្ទៃក្នុង ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់ជនបរទេស ដែលបាននឹងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅរួមមាន មន្ត្រីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយអាចស្នើសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែវរយៈពេលមួយឆ្នាំម្ដងដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។
ចំពោះបែបបទ នៃការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤គុណ៦ រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹកចាប់ពីថ្ងៃប្រកាសនេះតទៅ៕
ប្រភព៖ ក្រសួងទេសចរណ៍