សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ កុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះការឃោសនារបស់ លោក ខឹម វាសនា
នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ក្នុងឱកាសនេះ សម្ដេច បានលើកឡើងទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោនាសរបស់ លោក ខឹម វាសនា។
សម្តេចតេជោបានមានប្រសាសន៍អោយដឹងថា បំណង លោក ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ សម្តេចតេជោបានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវនាវអោយប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោកខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯកនោះទេ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister