ក្រសួងមហាផ្ទៃ៖ ឧក្រិដ្ឋកម្ម និងការរំលោភបំពាននានារបស់យោធាថៃ ត្រូវបានចងក្រងជាភស្តុតាងដោយអ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្ម និងការរំលោភបំពានរបស់យោធាថៃ ក្នុងអំឡុងពេលឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ត្រូវបានចងក្រងទុកជាភស្តុតាងយ៉ាងច្បាស់លាស់ដោយអ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ស្តីពីការបន្តកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ វិនាសកម្មស៊ីវិល និងវិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយយោធាថៃ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងបានបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់ និងការរក្សាសន្តិភាពរវាងប្រទេសទាំងពីរក៏ដោយ យោធាថៃនៅតែបន្តកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ ព្រមទាំងបង្កើតស្ថានភាពជាក់ស្តែងថ្មីៗនៅលើដី ដែលបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិល និងបង្កវិបត្តិមនុស្សធម៌អូសបន្លាយ។

ជាក់ស្តែងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ យោធាថៃបានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នក សារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អគារស៊ីវិល កម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងដែនដីកម្ពុជា។ ដោយឡែកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់ អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានប្រើគ្រឿងចក្រឈូសឆាយសាងសង់ផ្លូវ ព្រមទាំងបានដឹកជញ្ជូនសសរបេតុងទៅកាន់ ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើ។ សកម្មភាពទាំងនេះ បានរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ផ្ទុយទាំងស្រុងពីផែនទីមាត្រដ្ឋាន ១:២០០.០០០ តាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងបានបង្ហាញថា ការវាយប្រហារដោយអាវុធគ្រប់ប្រភេទ និងគ្រប់ទម្រង់ រួមទាំងយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាស្លាប់ចំនួន៣២នាក់ និងរងរបួស៩៤នាក់ ខណៈប្រជាពលរដ្ឋភៀសសឹកប្រមាណ២០.០០០នាក់ ក្នុងចំណោមអ្នកភៀសសឹកសរុបប្រមាណ៦៤៩.០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការកាន់កាប់ភូមិឋាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការព្រួយបារម្ភពីការផ្ទុះអាវុធជាថ្មី។

ក្រៅពីនេះការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានបង្កផលប៉ះពាល់រយៈពេលវែងដល់តំបន់ស៊ីវិល ដោយគ្របដណ្តប់លើផ្ទៃដីជិត៣.០០០គីឡូម៉ែត្រក្រឡា ក្នុងភូមិយ៉ាងហោចណាស់៣៣៥ភូមិ។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្បត្តិបេតិកភណ្ឌវប្បធម៌ រួមទាំងប្រាសាទបុរាណខ្មែរមួយចំនួន ក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

ក្រសួងមហាផ្ទៃបានចាត់ទុកថា សកម្មភាពទាំងនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការការពារជនស៊ីវិល និងសម្បត្តិវប្បធម៌។ ដោយឡែក ក្រសួងបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្ម និងការរំលោភបំពានទាំងនេះ មិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែត្រូវបានចងក្រងទុកជាភស្តុតាងយ៉ាងច្បាស់លាស់ដោយអ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

ក្នុងន័យនេះ ក្រសួងក៏បានលើកឡើងពីការថ្លែងរបស់អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ក្នុងមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់ថា ការដាក់សម្ពាធ ឬគំរាមកំហែងមិនឱ្យកម្ពុជាលើកយកបញ្ហាទាំងនេះទៅបង្ហាញលើវេទិកាអន្តរជាតិ គឺជារឿងមិនអាចទទួលយកបានឡើយ។ ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ត្រូវផ្អែកលើការគោរពច្បាប់អន្តរជាតិ សិទ្ធិអធិបតេយ្យ និងការអនុវត្តកិច្ចព្រមព្រៀងដោយសុច្ឆន្ទៈ មិនមែនតាមរយៈការរឹតត្បិតសេរីភាពការទូត ឬការដាក់សម្ពាធឱ្យភាគីរងគ្រោះនៅស្ងៀមស្ងាត់នោះទេ។