រាជរដ្ឋាភិបាលកម្ពុជា ដាក់គោលដៅធ្វើទំនើបកម្មវិស័យសុខាភិបាល ឱ្យមន្ទីពេទ្យបង្អែកស្រុកមានសមត្ថភាពដូចពេទ្យខេត្ត ឬពេទ្យនៅភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅធ្វើទំនើបកម្មវិស័យសុខាភិបាលជាបន្តបន្ទាប់ ដោយពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកឱ្យប្រហាក់ប្រហែល ឬដូចមន្ទីរពេទ្យខេត្ត និងពង្រឹងមន្ទីរពេទ្យខេត្តឱ្យមានសមត្ថភាពដូចមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ខណៈមណ្ឌលសុខភាព ក៏ត្រូវបង្កើនសមត្ថភាពឱ្យ៊ដូចនឹងមន្ទីរពេទ្យបង្អែកស្រុកផងដែរ។











ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកបាធាយ ខេត្តកំពង់ចាម សម្តេចធិបតីបានបញ្ជាក់ថា ការពង្រឹងសមត្ថភាពសុខាភិបាលនៅគ្រប់កម្រិត គឺដើម្បីធានាឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាសង្គ្រោះ និងព្យាបាលនៅជិតលំនៅឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។
សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធសុខាភិបាលតាមអភិក្រម «ពង្រឹងមូលដ្ឋានពីក្រោមឡើងលើ និងធ្វើពិពិធកម្មសមត្ថភាពពីលើចុះក្រោម» ដោយចាប់ផ្តើមពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងបន្តលើកកម្ពស់សមត្ថភាពមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីឱ្យប្រព័ន្ធសុខាភិបាលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការព្យាបាលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
ជាក់ស្តែង រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១៨លានដុល្លារអាម៉េរិក ដើម្បីធ្វើទំនើបកម្មសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង ក្នុងចំណោមមន្ទីរពេទ្យបង្អែកស្រុកទាំងពីរកម្រិតចំនួន១០៤កន្លែងទូទាំងប្រទេស។ ការកែលម្អនេះផ្តោតជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាព្យាបាលនៅមូលដ្ឋាន និងកាត់បន្ថយការលំបាកក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យនៅទីតាំងឆ្ងាយ។
ទន្ទឹមនឹងការពង្រឹងសមត្ថភាពមន្ទីរពេទ្យ សម្តេចធិបតីក៏បានលើកឡើងពីវឌ្ឍនភាពនៃសេវាព្យាបាលជំងឺឯកទេសនៅកម្ពុជា ដោយបញ្ជាក់ថា ជំងឺមួយចំនួនដែលធ្លាប់ត្រូវការចេញទៅព្យាបាលនៅក្រៅប្រទេស ដូចជាការវះកាត់បេះដូងជាដើម បច្ចុប្បន្នអាចធ្វើការវះកាត់ព្យាបាលនៅក្នុងប្រទេសបាន ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសនោះទេ។
ជាមួយគ្នានេះ សម្តេចធិបតីបានណែនាំក្រសួងសុខាភិបាលឱ្យបន្តពង្រឹងអភិបាលកិច្ចមន្ទីរពេទ្យគ្រប់កម្រិត និងលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាពិសេសការបណ្តុះបណ្តាលជំនាញឯកទេសផ្នែកវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ ដើម្បីធានាថា សេវាថែទាំ និងព្យាបាលជំងឺត្រូវបានផ្តល់ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សីលធម៌វិជ្ជាជីវៈ សមធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។

















