សម្ដេច ហ៊ុន សែន៖ «ខ្ញុំមិនធ្វើនាយទាហាន ដែលឱ្យកងទ័ពចូលប្រយុទ្ធដោយគ្មានគ្រាប់នោះទេ»


ដោយ៖ ផាត់ គឹមឆែ

រយៈពេលជាង៣០ថ្ងៃមកនេះ​ កម្ពុជាទទួលបានលទ្ធផលវិជ្ជមានមួយគឺមិនត្រូវបានរកឃើញថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ ថ្វីត្បិតវីរុសបម្លែងថ្មីអូមីក្រុងមានការកើនឡើងបន្តិចក៏ដោយ។ រាជរដ្ឋាភិបាល កន្លងមកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបាននូវភាពស៊ាំការពារខ្លួន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះប្រមាណ៩៣.៥៦ គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបសរាជរដ្ឋាភិបាលចិន សម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបន្តចាក់វ៉ាក់សាំងដូសជំរុញ បន្តទៀត។ ក្រោមស្មារតីយកចិត្តទុកដាក់ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា ​សម្ដេចបានគិតគូរគ្រប់ជ្រុងជ្រោយលើបញ្ហានេះ ដោយការកំណត់យកវ៉ាក់សាំងជាយុទ្ធសាស្ត្រ ធានាឱ្យបានកុំឱ្យមានមនុស្សស្លាប់បន្តទៀតដោយសារជំងឺកូវីដ-១៩។ ហើយការបញ្ជាទិញវ៉ាក់សាំង នៅតែបន្តមានស្ដុកទុកនៅក្នុងឃ្លាំង ដោយសម្ដេច បញ្ជាក់ថា «ខ្ញុំមិនធ្វើនាយទាហាន ដែលឱ្យកងទ័ពចូលប្រយុទ្ធដោយគ្មានគ្រាប់នោះទេ»។ ពោលគឺ វ៉ាក់សាំងប្រៀបដូចជាគ្រាប់ក្នុងការប្រយុទ្ធក្នុងសមរភូមិកូវីដ-១៩ ដែលពលរដ្ឋគ្រប់រូបនឹងទទួលបាន ដើម្បីការពារខ្លួន ហើយក្រុមគ្រូពេទ្យទាំងអស់មានមធ្យោបាយគ្រប់គ្រាន់ក្នុងដៃ ដើម្បីសង្គ្រោះអាយុជីវិតពលរដ្ឋរបស់យើង។

ទន្ទឹមនឹងនេះ សម្ដេចបានសម្ដែងការថ្លែងអំណរគុណចំពោះប្រភពគាំទ្រនានាដែលផ្ដល់ជាជំនួយវ៉ាក់សាំងដល់កម្ពុជា ដែលរួមមាន ប្រទេស អង់គ្លេស ប៉ូឡូញ ហូឡង់ អូស្រ្ដាលី ជាពិសេសគឺប្រទេសចិន ដែលយោងតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រីគឺ មិត្តចិន នឹងផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាចំនួន ៥លានដូសបន្ថែមទៀតនាពេលឆាប់ៗនេះ។

សម្ដេច ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា ហើយរួមគ្នាដើម្បីជំរុញឱ្យយើងមានលទ្ធភាពបង្កើតមូលដ្ឋានផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខ ដើម្បីឱ្យយើងកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងលើជំងឺឆ្លងកូវីដ-១៩ មានវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលា មិនពិបាកក្នុងការដឹកជញ្ជូនវ៉ាក់សាំងមកកាន់កម្ពុជាយើង។ សម្ដេចបានបន្តថា យើងត្រូវខំជាមួយគ្នា កុំដើរថយក្រោយឱ្យសោះ។ យើងបានខកខានចូលឆ្នាំចំនួន២ឆ្នាំមកហើយ ឆ្នាំនេះយើងប្ដូរផ្ដាច់ដើម្បីបានចូលឆ្នាំ រាំលេងកម្សាន្តទាំងអស់គ្នា។

គួរបញ្ជាក់ថា ក្នុងអំឡុង១ឆ្នាំនេះ ទោះបីយើងនៅប្រឈមមុខនឹងជំងឺកូវីដ-១៩ក៏ដោយ តែយើងបានសម្រេចសមិទ្ធផលធំៗចំនួន៣មកហើយ ដែលរួមមានការសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវពហុកីឡដ្ឋានមរតកតេជោ និងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺការសម្ពោធដាក់ឱ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧។ ដោយឡែកនៅខែ៣ខាងមុខ នឹងមានការបើកសម្ពោធនូវមន្ទីរពេទ្យធំៗចំនួន២ ហើយនឹងមានសមិទ្ធផលបន្តបន្ទាប់ទៀត។ នេះបានបញ្ជាក់ឱ្យឃើញថា កូវីដអាចធ្វើឱ្យយើងយឺតយ៉ាវក្នុងដំណើរឈានទៅមុខរបស់យើង តែកូវីដមិនអាចរារាំងដំណើរការអភិវឌ្ឍរបស់យើងបានឡើយ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖  Samdech Hun Sen, Cambodian Prime Minister