រដ្ឋមន្ត្រីការបរទេសថៃ ទូរស័ព្ទទៅភាគីមីយ៉ាន់ម៉ាទាមទារឱ្យមានវិធានការបន្ទាន់ ក្រោយការប្រយុទ្ធគ្នាតាមព្រំដែន បណ្តាលឱ្យពលរដ្ឋថៃរងរបួស


បាងកក៖ ប្រទេសថៃបានជំរុញឱ្យមីយ៉ាន់ម៉ាចាត់វិធានការបង្ការបន្ទាន់ កុំឱ្យប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិច បន្តប៉ះពាល់ដល់ទឹកដីថៃ បន្ទាប់ពីការប្រយុទ្ធគ្នានៅតំបន់ក្បែរព្រំដែនបានបណ្តាលឱ្យពលរដ្ឋថៃមួយចំនួនរងរបួស។

លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ថា លោកបានលើកឡើងពីក្តីបារម្ភចំពោះប្រជាជនថៃក្នុងកិច្ចសន្ទនាតាមទូរសព្ទរយៈពេល១០នាទីជាមួយលោក ទិន ម៉ោងស្វេ (Tin Maung Swe) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

ការសន្ទនានេះបានធ្វើឡើង ស្របពេលដែលលោក ស៊ីហាសាក់ កំពុងស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំលើកទី១១ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)។

តាមរយៈក្នុងកិច្ចសន្ទនានោះ រដ្ឋមន្ត្រីការបរទេសថៃបានសម្តែងក្តីបារម្ភសារជាថ្មីចំពោះប្រតិបត្តិការយោធារបស់មីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ជាពិសេសការវាយប្រហារតាមអាកាសទៅលើទីតាំងយោធា។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាទាំងនេះ មិនគួរប៉ះពាល់ដល់ប្រទេសថៃឡើយ ហើយការវាយប្រហារតាមអាកាសគួរតែធ្វើឡើងឱ្យឆ្ងាយពីព្រំដែនថៃតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនោះ លោក ស៊ីហាសាក់ ក៏បានលើកឡើងពីស្ថានការណ៍ទូទៅនៅមីយ៉ាន់ម៉ាផងដែរ ដោយបញ្ជាក់ថា ថៃកំពុងខិតខំជំរុញឱ្យមីយ៉ាន់ម៉ាវិលត្រឡប់មកចូលរួមក្នុងក្របខ័ណ្ឌអាស៊ានឡើងវិញ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា មីយ៉ាន់ម៉ាចាំបាច់ត្រូវឆ្លើយតបទៅនឹងក្តីបារម្ភរបស់អាស៊ាន ជាពិសេសតាមរយៈការកាត់បន្ថយអំពើហិង្សានានា។

ជាមួយគ្នានេះ លោក ស៊ីហាសាក់ ក៏បានបញ្ជាក់ពីគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខផងដែរ មុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់កុំឱ្យជម្លោះបន្តរីករាលដាល និងប៉ះពាល់ដល់ប្រទេសថៃ។ តាមការបញ្ជាក់ពីលោក ស៊ីហា សាក់ បានឱ្យដឹងថាភាគីមីយ៉ាន់ម៉ា បានទទួលនូវក្តីបារម្ភរបស់ថៃហើយ និងបានសន្យាបញ្ជូនសារនេះ ទៅកាន់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាឱ្យបានឆាប់រហ័ស។

ប្រភព៖ Khaosod English