រសៀលនេះ! បេក្ខជនជាង ២ម៉ឺននាក់ ចូលរួមប្រឡងប្រជែងគ្រូបង្រៀនកិច្ចព្រមព្រៀងបឋមសិក្សាសម្រាប់តម្រូវការ ២,៨៤៤ កន្លែង


ភ្នំពេញ៖ បេក្ខជនសរុបចំនួន ២០,២៤៩នាក់ ក្នុងនោះស្ត្រីចំនួន ១៤,៤១៤នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។ ការប្រឡងប្រជែងនេះ មានបេក្ខជនដាក់ពាក្យតាមប្រព័ន្ធសរុបចំនួន ៣២,៦៤៤នាក់ ខណៈចំនួនគ្រូបង្រៀនដែលត្រូវជ្រើសរើសសរុបមាន ២,៨៤៤នាក់។

ដំណើរការប្រឡងប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ ដោយមានការយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យគ្រប់ដំណាក់កាល ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជនគ្រប់រូប។

ទន្ទឹមនឹងនេះ ក្នុងដំណើរការរៀបចំការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញទៅកាន់សាលាភូមិន្ទរដ្ឋបាល (ERA) ដើម្បីពិនិត្យដំណើរការការងារ និងជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់។ ការជ្រើសរើសនេះ ធ្វើឡើងតាមយន្តការបច្ចេកទេស និងស្របតាមសេចក្តីជូនដំណឹងដែលបានកំណត់ ដោយមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអនុគណៈកម្មការពិនិត្យ និងវាយតម្លៃ។

ដើម្បីសម្រួលដល់ការចូលរួមប្រឡងគណៈកម្មការ បានរៀបចំមណ្ឌលប្រឡងចំនួន ៦ទីតាំងរួមមាន៖ ១. មណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្រាប់បេក្ខជនខេត្តព្រៃវែង, តាកែវ, បាត់ដំបង, រតនគិរី, និងឧត្តរមានជ័យសរុប ៦,៤៤៥នាក់។ ២. មណ្ឌលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សម្រាប់បេក្ខជនខេត្តកំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, និងកំពង់ស្ពឺ សរុប ៤,៧២៣នាក់។ ៣. មណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) សម្រាប់បេក្ខជនខេត្តកណ្តាល, សៀមរាប, ក្រចេះ, កោះកុង, និងស្ទឹងត្រែង សរុប ៣,៤៨៩នាក់។ ៤. មណ្ឌលសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សម្រាប់បេក្ខជនខេត្តកំពង់ឆ្នាំង, កំពត, និងព្រះវិហារ សរុប ២,២៧៨នាក់។ ៥. មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) សម្រាប់បេក្ខជនខេត្តកំពង់ធំ, ពោធិ៍សាត់, និងប៉ៃលិន សរុប ២,០៨២នាក់។ ៦. មណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA) សម្រាប់បេក្ខជនខេត្តបន្ទាយមានជ័យ, មណ្ឌលគិរី, ព្រះសីហនុ, និងកែប សរុប ១,២៣២នាក់។

យោងតាមក្រសួងមុខងារសាធារណៈ បេក្ខជនទាំងអស់ត្រូវប្រឡងប្រជែងលើវិញ្ញាសាសរសេរចំនួន៣ រួមមានវិញ្ញាសាភាសាខ្មែរ  វិញ្ញាសាគណិតវិទ្យា  វិញ្ញាសាទី៣ ចំណេះដឹងទូទៅ និងភាសាអង់គ្លេស  ក្នុងនោះមួយវិញ្ញាសា បេក្ខជនមានពេលវេលាចំនួន១ម៉ោង ៣០នាទី ដើម្បីប្រឡងប្រជែង។

ជាមួយគ្នានេះ ដំណើរការប្រឡងធ្វើឡើងក្រោមការឃ្លាំមើលរាល់សកម្មភាពយ៉ាងម៉ឺងម៉ាត់តាំងពីព្រឹកព្រលឹមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដើម្បីការពារដាច់ខាតមិនឱ្យមានការលេចធ្លាយវិញ្ញាសាឡើយ និងដើម្បីធានាបាននូវភាពសុក្រឹត៕