អភិបាលខេត្តបាត់ដំបង ជំរុញវិនិយោគិនហ្វីលីពីន បង្កើនការវិនិយោគលើការកែច្នៃផលិតផលកម្ពុជា ជាពិសេសផលិតផលអង្ករ
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីន និងរដ្ឋបាលខេត្តបាត់ដំបង។



មានប្រសាសន៍ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានជម្រាបជូនប្រតិភូហ្វីលីពីនអំពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
ឯកឧត្តម អភិបាលខេត្ត បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ ក្នុងន័យនេះ ឯកឧត្តម បានស្នើភាគីហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យវិនិយោគិន ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ។ ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា អង្កររបស់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកជាបន្តបន្ទាប់ គឺជាអង្ករដែលផលិតនៅក្នុងខេត្តបាត់ដំបង។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសហ្វីលីននិងប្រទេសកម្ពុជា ជាពិសេសកំណើននៃការនាំចូលអង្ករក្នុងចំនួនច្រើនពីកម្ពុជាទៅកាន់ហ្វីលីពីនក្នុងពេលថ្មីៗកន្លងមកនេះ។
ឯកឧត្តម លើកឡើងបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនហ្វីលីពីនមួយចំនួនបាននិងកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋមន្រ្តីរបស់ប្រទេសហ្វីលីពីនក៏បានជំរុញដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តម លើកឡើងពីគម្រោងរៀបចំវេទិកាធុរកិច្ចដ៏ធំមួយរវាងហ្វីលីពីន និងកម្ពុជាដែលនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន។
ទន្ទឹមនឹងនេះឯកឧត្តម សុខ លូ ជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង ឬខេត្តណាមួយនៃប្រទេសហ្វីលីពីន ជាមួយខេត្តបាត់ដំបងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទបន្ថែមទៀត។ ឯកឧត្តម ក៏បានបញ្ជាក់ប្រាប់ប្រតិភូហ្វីលីពីនថា រដ្ឋបាលខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរហ្វីលីពីនមក វិនិយោគ ទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈងាយស្រួលជូនគ្រប់បែបយ៉ាង៕
ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង













